
ភ្នំពេញៈ ជនសង្ស័យ ដែលកាប់សម្លាប់បុរសម្នាក់ យ៉ាងសាហាវ រួចរត់គេចខ្លួនអស់រយៈពេល១ឆ្នាំ ឥឡូវនេះ ត្រូវកម្លាំងការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ និងកម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ឃាត់បាន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៩ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
កាលពីថ្ងៃទី២៩ ខែ១២ ឆ្នាំ២០១៧ វេលាម៉ោង៨៖៥០នាទី នៅត្រង់ចំណុចក្នុងផ្ទះលេខ១១អឺ៣ហ្សត ផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ គឺជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំនួន១២កាំបិត ហើយរត់គេចខ្លួនបាត់។

នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ អេង ម៉េងឆាយ អាយុ២០ឆ្នាំ កំពុងស្នាក់នៅផ្ទះរបស់ខ្លួន ស្រាប់តែពេលនោះជនសង្ស័យឈ្មោះ ហេង បញ្ញា អាយុ២៦ឆ្នាំ បានឡើងលើផ្ទះជនរងគ្រោះ ហើយក៏ឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំនួន១២កាំបិត ត្រូវកញ្ចឹងកផ្នែកខាងក្រោយ ក្បាល ស្មាទាំងសងខាង ថ្ងាស ចុងច្រមុះលើថ្ពាល់ខាងឆ្វេង គុម្ពត្រចៀ កើលថ្គោមខាងស្ដាំ ដើមដៃខាងស្ដាំ ស្មងជើងខាងឆ្វេង ដាច់រយៈមេដៃខាងស្ដាំ និងលើក្បាលខាងស្ដាំ បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពីជនសង្ស័យ បានរត់គេចខ្លួនអស់រយៈពេលយ៉ាងយូរ ទើបនៅថ្ងៃទី១៥ ខែ១១ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី កម្លាំងសម្ថតកិច្ចជំនាញព្រហ្មទណ្ឌ៧មករាដឹកនាំដោយលោកវរៈសេនីយឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ដោយបានធ្វើការស្រាវជ្រាវ ទើបដឹងថាជនសង្ស័យឈ្មោះ ហេង បញ្ញា ហៅបញ្ញា បច្ចុប្បន្នប្រើប្រាស់ Account Facebook ឈ្មោះ Ah Yong និងកំពុងធ្វើការឲ្យក្រុមហ៊ុនឈ្មោះ TMG TOP-M GROUP CO,LTD នៅក្នុងប្រទេសថៃ។ ដែលមានដីកាចាប់ខ្លួនលេខ៤០៥ «ឃ»ដ.ច.ន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក សាយ សារុន ចៅក្រមសើុបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនបានសង្ស័យ បានសារភាពប្រាប់សម្ថតកិច្ចថា គឺវាកាប់សម្លាប់ជនរង ដោយសារតែរឿងលុយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល ឃុំខ្លួននៅស្នងការក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





