Sponsor
រិទ្ធី

កាលពីម្សិលមិញ លោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់បានចេញសេចក្តីថ្លៃងការណ៍ពីចលនាសង្រ្គោះជាតិ។ ថ្ងៃនេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសនៅបរទេសបានប្រាប់ពីអ្វីទៅជាគោលដៅរបស់ចលនាសង្គ្រោះជាតិ

នៅពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែរងា តែលតោល និងស្រពិចស្រពិលពីអនាគតគណបក្សយើង ក្រោយពីលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ និងត្រូវបានគេដកតំណែងទាំងអស់ ដែលបានមកពីការបោះឆ្នោត ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ។

ចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិ ដូចតទៅ ៖

១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។

២- ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។

៣- ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ។

៤- ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។

៥- ចលនាសង្គ្រោះជាតិ នឹងជំរុញឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor