
ភ្នំពេញៈ ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និងសប្បាយរីករាយចំពោះកម្មករកម្មការិនី ដែលចាប់ពីខែមករានេះតទៅ ប្រាក់ខែនឹងត្រូវបានដំឡើងពី១៥៣ដុល្លារ ទៅ១៧០ដុល្លារ។ សម្ដេចថា បើបូកប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត គឺកូនក្មួយនឹងទទួលបានជាងពីររយដុល្លារក្នុងមួយខែ។
នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ព្រៃទា នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសប្បាយចិត្តណាស់ ដែលបានជួបជុំកូនក្មួយកម្មករកម្មការនីថ្ងៃនេះ។ សម្ដេចពិតជារីករាយ និងអរគុណកូនក្មួយ ដែលបានបង្ហាញពីទឹកចិត្តគោរពស្រឡាញ់។ ជាង៣៩ឆ្នាំមកហើយ ដែលយើងបានឆ្លងកាត់ការលំបាកគ្រប់យ៉ាង ទម្រាំយើងមានថ្ងៃនេះ។ ដូច្នេះ យើងមិនចង់ឲ្យឱកាសទាំងនេះ បាត់បង់ទៅវិញដែរ។

សម្ដេចបន្ថែមថា “ថ្ងៃនេះ ពូក៏សូមចូលរួមអបអរសាទរ និងសប្បាយរីករាយ ចំពោះប្រាក់ខែក្មួយៗដែលត្រូវបានតម្លើងពី $153 មក $170 (បូកប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត គឺកូនក្មួយនឹងទទួលបានជាងពីររយដុល្លារក្នុងមូយខែៗ) ដែលនឹងជួយសម្រួលជីវភាពរស់នៅរបស់ក្មួយៗអោយល្អប្រសើឡើង”។
ជាមួយគ្នា សម្ដេចក៏បានថ្លែងអំណអរគុណដល់ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រោងរោងចក្រទាំងអស់ ដែលបានផ្តល់ឱកាសឲ្យកូនក្មួយកម្មករបានជួបជុំសម្ដេច និងឲ្យកូនក្មួយបាន ឈប់សម្រាកពីការងារនៅល្ងាចនេះតែម្តង។
គួរជម្រាបថា នៅព្រឹកថ្ងៃពុធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខកម្មករកម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន២០ ស្ថិតនៅរោងចក្រតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណងសំខាន់ នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករកម្មការិនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង៕


