ភ្នំពេញៈ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅរសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចរថយន្តទំនើប។
ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក ចាន់ដារ៉ា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ ក្រោយពេលជនរូបនេះ លួចរថយន្ត១គ្រឿង ម៉ាកលិចស៊ីស 570 ពណ៌ស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
តាមការបញ្ជាក់របស់មន្ត្រីអាវុធហត្ថបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវបានតៃកុងដែលស៊ីឈ្នួលបើករថយន្តឲ្យ បានលួចយករថយន្ត១គ្រឿងម៉ាក Luxes 570 នៅចំណុចហាងកាហ្វេ ផ្លូវលេខ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជិះគេចខ្លួនបាត់ ខណៈដែលតៃកុងរថយន្ត(ជនសង្ស័យ)ម្នាក់នេះ ជូនរូបគេទៅផឹកកាហ្វេនៅទីនោះ។ លុះនៅថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញនៃកងរាជអាវុធហត្ថ បានចុះស្រាវជ្រាវរហូតរកឃើញរថយន្ដខាងលើ និងឃាត់ខ្លួនជនដៃដល់បាន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧យប់ នៅចំណុចម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ដំបូងឡើយរូបគេដើរដាក់ CV តាមក្រុមហ៊ុនមួយចំនួន ដើម្បីសុំបម្រើការងារជាអ្នកបើករថយន្ត។ នៅពេលណាមានឱកាសទើបលួចយករថយន្តគេចខ្លួនតែម្តង។ ជាក់ស្តែងសកម្មភាពលើកនេះ មិនមែនជាលើកទី១ទេ។ ជនសង្ស័យថា កាលពីអំឡុងឆ្នាំ២០១៧ រូបខ្លួនក៏ធ្លាប់បានទៅបើកបររថយន្តឲ្យថៅកែជនជាតិកូរ៉េម្នាក់ និងបានលួចយករថយន្ដ១គ្រឿង ម៉ាក BMW ម្តងរួចមកហើយដែរ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមច្បាប់៕











