
ព្រះសីហនុៈ ស្រ្តីកំសត់ម្នាក់ ហេតុតែក្រីក្រតោកយ៉ាក និងត្រូវប្តីបោះបង់ចោល ដើរទាំងខ្លួនពរពោះគ្រប់ខែ ចូលមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសុំគ្រូពេទ្យឲ្យជួយសម្រាលកូន ព្រោះដល់ថ្ងៃសម្រាលហើយ សូម្បីលុយ១រៀលក៏គ្មាន ថែមទាំងអត់សាច់ញាតិទៀត។
បើយោងតាមការឲ្យដឹងពីលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានបញ្ជាក់ថា ស្ត្រីម្នាក់បានធ្វើដំណើរដោយថ្មើរជើង ពីស្ថានីយ៍រថភ្លើង ចូលមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីឲ្យពេទ្យឆ្មប ជួយសម្រាលកូន កាលពីម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិនោះទេ ដោយប្រាប់គ្រូពេទ្យថា ប្ដីរបស់គាត់បានរត់ចោលគាត់ តាំងពីមានផ្ទៃពោះ៤ខែមកម៉្លេះ បច្ចុប្បន្នគឺស្ត្រីទុរគតជាម្តាយរូបនេះ ក្រីក្រគ្មានប្រាក់ និងមានស្ថានភាព ស្លេកស្លាំងដោយសារខ្វះអាហារបំប៉ន។
លោកប្រធានមន្ទីរពេទ្យបានឲ្យដឹងទៀតថា ស្ត្រីក្រីក្រខាងលើនេះ សម្រាលបានកូនស្រី ដែលមានទម្ងន់២គីឡូក្រាម។
ក្នុងនាមជាខ្មែរ ខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមជួយឧបត្ថម្ភដល់ស្ត្រីជាម្តាយ និងកូនស្រីអភ័ព្វដែលទើបសម្រាលចេញពីឧទ្ទម្តាយទាំងគ្មានឪពុកនេះផង៕

