
ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នារសៀលថ្ងៃទី២៤ មករា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ដាក់ពន្ធនាគាប៉េហ្ស៊ីភ្នំពេញជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងប្រតិបត្តិការបង្ក្រាបល្បែងមាន់ជល់មួយបណ្ដាលឲ្យស្លាប់បុរសម្នាក់។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានពិនិត្យឯកសារសំណុំរឿង សាកសួរចម្លើយតាមនីតិវិធី និងពិនិត្យភស្តុតាង តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៍គ្មានលេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ បទ.មនុស្សឃាតដោយអចេតនា ចែងថាជាអំពើបណ្តាលឱ្យស្លាប់អ្នកដទៃ ដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។
ជនជាប់ចោទឈ្មោះ ចន វិរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានឋានន្ទរសក្តិជាអនុសេនីយ៍ត្រីយ៍ បម្រើការងារនៅផ្នែកអន្តរាមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។


សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី២១ មករា ២០១៨ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំង និងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយកន្លែង នៅក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២។
កិច្ចបង្ក្រាបនោះសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ បណ្តាលឱ្យត្រូវបុរសម្នាក់កំពុងឈរពីលើផ្ទះ មើលគេលេងល្បែងបញ្ជល់មាន់ ស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីនាងបាន និងកំពុងឈរពីលើផ្ទះជួល មើលគេចាប់គួរបញ្ជល់មាន់នៅក្បែរផ្ទះ។ ពេលនោះស្រាប់តែមានសមត្ថកិច្ចមួយក្រុម បានចុះទៅបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែនោះ ព្រមទាំងមានការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផង ស្របពេលនោះ គ្រាប់កាំភ្លើងក៏បានហោះទៅត្រូវចំប្តីរបស់គាត់២គ្រាប់ ដោយ១គ្រាប់ត្រូវបំពង់ក និង ១គ្រាប់ទៀតត្រូវចំកដៃខាងស្ដាំ។ ភ្លាមៗនោះគាត់ជាប្រពន្ធបានដឹកប្តីបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលគ្រាប់កាំភ្លើងបានត្រូវប្តីគាក់ចំគោលដៅ ដែលមិនអាចសង្គ្រោះបាន ប្តីគាត់បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ។
ស្រី្តជាភរិយា នៃសពបានបន្តថា ទោះជាយ៉ាងនេះក្តីគាត់មិនបានដាក់ពាក្យប្តឹង ទៅលើសមត្តកិច្ចដែលបានផ្ទុះអាវុធ បណ្តាលឲ្យប្តីរបស់គាត់ស្លាប់នោះទេ ពោលគឺមនុស្សស្លាប់ហើយប្តឹងទៅក៏មិនរស់វិញដែរ សំខាន់គឺតម្រូវការធ្វើបុណ្យជូនសពប្តីឲ្យបានសមរម្យតែប៉ុណ្ណោះទេ រឿងអ្វីៗទុកឲ្យសមត្តកិច្ចធ្វើតាមច្បាប់។
ករណីខាងលើនេះបើទោះជាក្រុមគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្តឹងទាមទារសំណងរដ្ឋប្បវេណីយ៉ាងណាក្តី ក៏ជនសង្ស័័យត្រូវបានសមត្តកិច្ចចាប់ខ្លួន នាំទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ដែរ។ សមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យបានប្រើបាស់កាំភ្លើងខ្លីម៉ាកបេរ៉េតា និងបានបាញ់ឡើងលើបង្រ្កាបក្រុមអ្នកលេងជល់មាន់ តែគ្រាប់ភ្លើងនោះបានហោះទៅចំបង្កាន់ដៃផ្ទះ បណ្តាលឲ្យផ្លាតត្រូវជនរងគ្រោះស្លាប់ ។ ក្រោយពីមរណៈភាពជនរងគ្រោះ គេបានសង្កេតឃើញលោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ រួមទាំងមន្ត្រីនគរបាលពាក់ព័ន្ធបាននាំយកនូវបច្ច័យមួយចំនួនធំ ទៅជូនដល់ដៃភរិយា នៃសព សម្រាប់ធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធករណីនេះផងដែរ អាចចាត់ទុកជាមេរៀនក្នុងជីវិតបានហើយចំពោះមន្ត្រីនគរបាលក្ដី មន្ត្រីអាវុធហត្ថក្ដី ពេលបើកប្រតិបត្តិការបង្ក្រាបបទល្មើសរក្សាសន្តិសុខជូនសង្គមជាតិតែភ្លាត់ស្នៀតបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់អ្នកដទៃ បែរជគ្មានអ្នកទទួលខុសត្រូវ ឬអង្គភាពសាម៉ីដោះស្រាយឲ្យឡើយ។ នៅទីបញ្ចប់ខ្លួនត្រូវជាប់គុក បាត់បង់សេរីភាព ខូចកិត្តិយស បាត់បង់ការងារ គ្មានអ្នកធ្វើការរកប្រាក់ចិញ្ចឹមកូនប្រពន្ធ។ល។និង។ល។ តើត្រូវខ្នះខ្នែងរបៀបនេះ ឬទេអស់លោកអ្នកកាន់កាំភ្លើងទាំងឡាយអើយ៕
