
ភ្នំពេញៈ ប្ដីប្រពន្ធ២នាក់ រងរបួសធ្ងន់ ខណៈប្រពន្ធដាច់ជើងម្ខាង ក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដប៉ែនដឹកថ្មក្រឡាប់កិនលើម៉ូតូ ពេលពួកគាត់កំពុងធ្វើដណើរ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលដីក្រហម ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។
សមត្ថកិច្ច បានឲ្យដឹងថា តៃកុងឡានដឹកដីឈ្មោះ ឃុន វិបុល អាយុ២១ឆ្នាំ មុខរបរ បើករថយន្ដ មានទីលំនៅភូមិត្រពាំងថ្ម ឃុំរបើក ស្រុកឈូក ខេត្ដកំពត។ ចំណែកជនរងគ្រោះប្ដីប្រពន្ធមិនទាន់បានស្គាល់អត់សញ្ញាណទេ។

អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដប៉ែនដឹកថ្មមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-9368 បើកក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៣១Aទិសដៅពីត្បូងទៅជើងបានបួងចង្កូតយ៉ាងខ្លាំង បណ្ដាលឲ្យក្រឡាប់សន្កត់លើម៉ូតូសងកូរេ មួយគ្រឿង បណ្ដាលឲ្យប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរតាមផ្លូវ រងរបួសធ្ងន់ ដោយប្រពន្ធដាច់ជើងម្ខាងតែម្ដង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនតៃកុងរថយន្ដយកទៅសាកសួរ ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ដោយឡែករថយន្ដបង្ក និងម៉ូតូ ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ។
សូមបញ្ជាក់ថា តាមបណ្ដោយផ្លូវកើតហេតុនេះ តែងតែមានរថយន្ដធុនធំ បើកឆ្លងកាត់មិនប្រណីដល់អ្នកដែលធ្វើនៅតាមផ្លូវនេះឡើយ ជាពិសេសក្មេងៗសិស្សសាលាផងដែរ៕


