Sponsor
រិទ្ធី

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានសរសេរលិខិតទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់វិធានការណ៍ទៅលើអតីត តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ(CNRP) ដែលបានលួចប្រើប្រាស់រូបសញ្ញារដ្ឋសភាលើលិខិតផ្សេងៗ។

យោងតាមលិខិតរដ្ឋសភា ផ្ញើជូនសម្តេច ស ខេង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថាអតីតតំណាងរាស្រ្តរដ្ឋសភា បានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា នីតិកាលទី៥ ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លិខិតបន្តថា ប៉ុន្តែកន្លងមកថ្មីៗនេះ មានអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានលួចប្រើប្រាស់នូវរូបសញ្ញារដ្ឋសភាលើលិខិតផ្សេងៗដែលរំលោភរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។

លើសពីនេះទៀត ទង្វើនេះធ្វើឲ្យមានការភាន់ច្រឡំពីសាធារជនជាតិ-អន្តរជាតិ ព្រមទាំងប៉ះពាល់ដល់ស្ថាប័នរដ្ឋសភាទៀងផង។

លិខិតរបស់រដ្ឋសភាបញ្ជាក់ថាសេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសម្តេចក្រឡាហោម មេត្តាជ្រាប និងសូមជួយចាត់វិធានការតាមច្បាប់ ដោយសេចក្តីអនុគ្រោះ។

លិខិតនេះធ្វើឡើងក្រោយពី លោក អេង ឆៃអ៊ាង អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលបានបាត់បង់សិទ្ធិនោះ បានប្រើប្រាស់រូបសញ្ញារបស់រដ្ឋសភាលើលិខិត១ច្បាប់ ដើម្បីចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង ដែលបានស្លាប់កាលពីថ្ងៃទី២៣ ខែមករា កន្លងមក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor