
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ១គ្រឿង ម៉ាក I Phone 7plus បានសម្រេចតែរត់មិនរួច ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣៖៥នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះលេខ២០៥ តាមបណ្ដោយផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកធានាគា ស្នាក់នៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះឈ្មោះ សុខ លាភ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6844 បានជិះចូលមកកន្លែងជនរងគ្រោះលក់ទូរស័ព្ទ តាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨ ដោយមិនឃើញម្ចាស់នៅយាមកន្លែង ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ១គ្រឿងម៉ាក I Phone 7plus ពណ៌ក្រហម បានសម្រេច ហើយភ្លាមនោះជនរងគ្រោះ ក៏ឃើញទាន់បានដេញចាប់រហូតមកដល់ខាងមុខមន្ទីរពេទ្យរុស្សី ក៏ប្រទះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក កំពុងល្បាត់ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕


