
សៀមរាបៈ ក្នុងឱកាសចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ ចំនួន៦កន្លែងតាមដេប៉ូ និងស្ថានីយនានា តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ព្រៅ ខេមរិទ្ធ ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈនៃការត្រួតពិនិត្យដោយរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងនានា ក្នុងខេត្តចំនួន៦កន្លែង ទាំងដេប៉ូ និងស្ថានីយនោះ មានស្ថានីយ២កន្លែង មានអនុលោមភាព រីឯ៤កន្លែងទៀត មិនមានអនុលោមភាពឡើយ គឺលក់មិនគ្រប់លីត្រ ខុសស្តង់ដារ និងគ្មានគុណភាព ។
លោក ព្រៅ ខេមរិទ្ធ បានបញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ ចំពោះស្ថានីយប្រេងឥន្ធនៈធំៗ ដូចជា តូតាល់, សូគីម៊ិច, តេលាជាដើម គឺក្រុមហ៊ុនទាំងនោះ បានអនុវត្តទៅតាមស្តង់ដាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានកំណត់ឲ្យប្រើប្រាស់នៅរង្វាស់រង្វាល់ហ្នឹង មានគុណភាពខ្ពស់ជៀសវាងពីការបន្លំផ្សេងៗ។

លោក ព្រៅ ខេមរិទ្ធ បន្តទៀតថា ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដារ ហើយចំពោះដេប៉ូ និងស្ថានីយមួយចំនួន ដែលខុសប្រក្រតីនោះ ខាងមន្ត្រីក្រុមការងារ បានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណគុណភាពវិញ។ ពេលនេះ លោកនៅមិនទាន់បានបង្ហាញ ទីតាំងដេប៉ូ និងស្ថានីយទាំងនោះទេ គឺទុកឱកាសឲ្យម្ចាស់ទាំងនោះកែខ្លួនរៀបចំឲ្យមានភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្តង់ដារឲ្យល្អប្រសើរជាងមុន ប៉ុន្តែបើសិនជាមានលើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈមមុខនឹងបិទដេប៉ូ ស្ថានីយ និងដកអាជ្ញាប័ណ្ណទៅតាមនីតិវិធី៕


