Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ យុវតីវ័យ២៥ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ករណីស៊ីដាច់ម៉ូតូ មិត្តភ័ក្តិ លុះពេលសាកសួរ ធ្លាយរឿងមិត្តប្រុសស៊ីដាច់បន្ត។

ករណីនេះ កើតឡើងកាលពីយប់ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងនាថ្ងៃទី២១ នេះថា ស្ត្រីសង្ស័យដែលឃាត់ខ្លួនឈ្មោះ ជេន ចាន់រស្មី អាយុ២៥ឆ្នាំ គ្មានមុខរបរពិត មានទីលំនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកឯជនរងគ្រោះ ឈ្មោះ តាំ ហេន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

លោកបន្តថា កាលពីមួយសប្តាហ៍មុន ស្រ្តីសង្ស័យឈ្មោះ ជេន ចាន់រស្មី បានខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះតាំ ហេន ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-0899 ហើយក៏ទៅបាត់រហូត។ ក្រោយមកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះម៉ោងប្រហែល១០យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានប្រទះឃើញស្រ្តីសង្ស័យខាងលើ ត្រង់ចំណុចក្បែខារ៉ាអូខេ កេសកូល ក៏បានឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ដោយឡែកស្រ្តីសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ឈ្មោះ តាំ ហេន ពិតប្រាកដមែន ប៉ុន្តែម៉ូតូនោះ ត្រូវបានឈ្មោះ វី ភេទប្រុស មិនស្គាល់ត្រកូល អាយុប្រហែល២២ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប លួចយកទៅបាត់ស្រមោលទៅហើយ។

ទាក់ទិននឹងករណីនេះ បន្ទាប់ពីរៀបចំសំណុំរឿងរួច ក្រុមសមត្ថកិច្ចក៏បានបន្តស្វែងរកចាប់ខ្លួនជនដែលស៊ីដាច់ម៉ូតូបន្តនោះយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor