
កាលពីម្សិលមិញ ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៨ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Suchetha Satish រៀនថ្នាក់ទី ៧ នៃវិទ្យាល័យមួយក្នុងទីក្រុង Dubai បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែកេ្មងស្រីម្នាក់នេះមានសមត្ថភាពមិនធម្មតា អាចបកស្រាយចម្រៀងជា ១០២ ភាសាផ្សេងៗគ្នា ដោយប្រើប្រាស់ពេលវេលាត្រឹមតែ៦ម៉ោង និង១៥នាទីប៉ុន្នោះ ហើយក៏បានបំបែកកំនត់ត្រាពិភពលោកទៀតផង។

អ្វីដែលកាន់តែធ្វើឲ្យ ក្មេងស្រី Suchetha Satish ទទួលបានការចាប់អារម្មណ៍ចំពោះប្រជាជនខ្មែរ គឺដោយសារតែ ក្មេងស្រីម្នាក់នេះ បានបកស្រាយចម្រៀងជាភាសាខ្មែរ ក្នុងចំណោម ១០២ ភាសាផ្សេងទៀត ដែលចម្រៀងនោះមានចំនងជើងថា «ខ្ញុំស្រឡាញ់ស្រីតូច» ជាសំនៀងដើមរបស់អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត។

ដោយឡែក ស្របពេលដែល ក្មេងស្រីម្នាក់ដ៏អស្ចារ្យ ទទួលបានការសរសើរពីមហាជនខ្មែរ មិនដាច់ពីមាត់ ស្រាប់តែ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវ ពេជ្ជតា បានប្រតិកម្មរិះគន់ទៅវិញ ដោយលើកយកបញ្ហាអាឌិតរបស់ខ្លួន ត្រូវបានមហាជនខ្មែររិះគន់ ដោយសារតែអ្នកនាងយកចម្រៀងជាភាសាថៃមកច្រៀង។

ក្នុងនោះ អ្នកនាង ម៉េង កែវ ពេជ្ជតា បានរៀបរាប់យ៉ាងណាដូច្នេះថា:
“បើខ្មែរយើងអាចច្រៀងភាសារគេបានហើយជាបទចម្រៀងតារាកំពូលរបស់ជាតិគេទៀត តើបងប្អូនគាំទ្រនិងអបអរទេ ? ឬក៍ជេរថាបំផ្លាញវប្បធម៌ដូចកាលដែលពេជ្ជតាច្រៀងបទថៃ ? ហាសហា នឹកដល់ពេលហ្នុង មានមនុស្សមិនច្រើនទេត្រឹមបួនដប់នាក់ប៉ុណ្ណោះដែលប្រឆាំង..តែគេខំលើកយករឿងខ្លាចប៉ះពាល់វប្បធម៌មកអះអាងតែការពិតគ្រាន់តែចង់បិទបាំងភាពច្រណែនក្នុងខ្លួនពួកគេប៉ុណ្ណោះ ។ បួនដប់នាក់នោះខ្ញុំចាំមិនភ្លេចទេ ហើយចាំច្បាស់ទៀតថានរណាជាមេក្លោង”៕



