
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើ សេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន លោកឧត្តមសនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានដឹកនាំកម្លាំងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណីលក់ចែកចាយស្បែកជើងក្លែងម៉ាក SKECHERS (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) ៣ទីតាំងផ្សេងគ្នានៅផ្សារធំថ្មី និងផ្សារទួលទំពូង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ទីតាំងទាំង៣ដែលត្រូវត្រួតពិនិត្យមាន តូបលេខ I1040 ផ្សារធំថ្មី តូបលេខ១៣០១ យីហោ ព្រំ លក្ខណា ផ្សារទួលទំពូង និងហាងយីហោ ថប ប្រេន (Top Brand Factory outlet) នៅខាងក្រៅផ្សារទួលទំពូង។

ជាលទ្ធផល តូបលេខ I1040 នៅផ្សារធំថ្មី ដោយម្ចាស់មានការយល់ដឹង បានបញ្ឈប់ការលក់ចែកចាយតាំងពីប្រមាណ ២ខែមុនមកហើយ ដូចនេះសមត្ថកិច្ចពុំបានរកឃើញសម្ភារណាមួយឡើយ ដោយឡែកទីតាំង២ទៀត នៅផ្សារទួលទំពូង សមត្ថកិច្ចបានរកឃើញស្បែកជើងក្លែងក្លាយម៉ាក SKECHERS ចំនួន ៣៦៣គូ និងបានដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់ទីតាំងទាំង២កន្លែង ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន V2V Corporation ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវស្បែកជើងម៉ាក SKECHERS ពីសហរដ្ឋអាមេរិក ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនៅថ្ងៃនេះ។
តំណាងក្រុមហ៊ុន V2V Corporation នៅប្រទេសកម្ពុជាបានអះអាងថា៖ ស្បែកជើងម៉ាក SKECHERS នេះ គឺមានតែក្រុមហ៊ុនលោកមួយគត់ ដែលបាននាំចូលផលិតផលសុទ្ធពីសហរដ្ឋអាមេរិក និងមានដាក់លក់តែនៅសាខាក្រុមហ៊ុនប៉ុណ្ណោះ ទីតាំងទី១ គឺនៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យ និងទីតាំងទី២ក្នុងផ្សារ AEON ១ រាជធានីភ្នំពេញ។





