Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ លោកប្ដីចិត្តកំណាចម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះ ក្រោយពីធ្វើសកម្មភាពយកសាំងចាក់ដុតប្រពន្ធ និងកូនទាំងរស់ ព្រោះតែរឿងប្រចណ្ឌខុសទំនង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា​ ខេត្តស្វាយរៀង​។

អាវុធហត្ថស្រុកចន្ទ្រា បានឲ្យ​ដឹងថា បុរសជាប្ដី ឈ្មោះ ថុល ចាន់ អាយុ៤៧ឆ្នាំ បានយកសាំងមកចាក់លើមុង រួចដុតបណ្ដាលឲ្យ​ឆេះរលាក​ប្រពន្ធឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ និងកូនឈ្មោះ វ៉ាត់ សុជាតិ ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់។

ប្រភពពីអ្នកជិតខាង បានដឹងថា ក្រុមគ្រួសារនេះ តែងតែឈ្លោះប្រកែកគ្នា​ជាប្រចាំ ដោយសារតែប្តីនេះ ចូលចិត្តផឹងស្រាស្រវឹងខួប  ហើយថ្ងៃកើតហេតុនេះ ស្រាប់តែឮឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមក ក៏ស្រាប់តែសំឡេងស្រែកឲ្យ​ជួយ ប្រជាពលរដ្ឋក៏បានរត់ទៅដល់ផ្ទះជនរងគ្រោះឃើញមានភ្លើងឆេះមុង ក៏នាំគ្នាទាញមុងចេញឃើញម្តាយនិងកូន ត្រូវភ្លើងឆេះរលាកពេញជើង និងខ្លួនទាំងម្តាយនិងកូន។ ប៉ុន្តែហេតុការណ៍នេះ មិនបណ្តាឲ្យ​ឆេះខូចខាតទ្រព្យសម្បត្តិអ្វីនោះទេ ដោយសារតែបងប្អូនប្រជាពលរដ្ឋបានជួយទាន់ពេល។

ដោយឃើញម្ដាយ និងកូន​មានសភាពធ្ងន់ធ្ងរ ទើបបងប្អូនប្រជាពលរដ្ឋក៏បាននាំជនរងគ្រោះទាំងពីរទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីធ្វើការសង្គ្រោះ។ ចំណែកបុរសជាប្ដី ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ​នៅអធិកាដ្ឋានស្រុកចន្ទ្រា ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor