Sponsor
រិទ្ធី

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់មហាអយ្យការអមតុលាការកំពូល ចុះ​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ ឆ្នាំ២០១៨ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ វេលាម៉ោង ៨:០០ ព្រឹក នេះ ​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះរឿង​ក្តី​លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​។

សមាសភាពនៃសវនាការ​នេះមាន ៖ ​លោក​ ឃឹម​ ប៊ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក សឹង បញ្ញាវឌ្ឍ លោក យស់ សូខឿន លោក​ តែ សំអាង លោកស្រី ខៀវ សុខា ជាចៅក្រម និង​ លោក​ វ៉េង​ ប៊ុន​ធឿន​ ជា​តំណាង​មហា​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​ លោក អ៊ុ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ចំនួន ៤លានរៀល ក្រោមការចោទប្រកាន់ ចំនួនពីរបទល្មើស ដោយរកឃើញថា លោក អ៊ុ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ ឱ្យ​មានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែន កម្ពុជា វៀតណាម ។

លោក អ៊ុ សំអាន ជាប់​ចោទ​ចំនួន២បទល្មើស គឺ បទញុះញង់ ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទញុះញង់ ឱ្យ​មានការរើសអើង តាមមាត្រា ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

ដោយឡែក សំណុំរឿងមួយទៀត សវនាការបណ្តឹងសារទុក្ខរបស់អ្នកស្រីទេព វន្នី សកម្មជនដីធ្លី តំបន់បឹងកក់ លើ​សំណុំរឿង​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ពិន័យ​ប្រាក់​បង់​ចូល​រដ្ឋ​ចំនួន ៥​លាន​រៀល ព្រមទាំង​សងជំងឺចិត្ត​សន្តិសុខ​ពីរ​នាក់​ជាដើម​បណ្ដឹង ចំនួន ៩​លាន​រៀល ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ ដែល​អាជ្ញាធរ​ចោទ​ថា បាន​ប្រព្រឹត្ត​នៅ​ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor