
កំពង់ចាមៈ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលគេសង្ស័យថា បែកថ្នាំ ហើយបានស្ទុះទៅទាញដណ្តើមដៃចង្កូតរថយន្តពីអ្នកបើកបរ បង្កឲ្យមានការភិតភ័យ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងនោះ ត្រូវបានលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៩៥ ត.ព្រ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
គួររំលឹកផងដែរថា ភ្ញៀវទេសចរបរទេស និងខ្មែរប្រមាណ៣១នាក់ ជិះលើរថយន្តក្រុងរបស់ក្រុមហ៊ុនភ្នំពេញ សូរិយា ដឹកអ្នកដំណើរ ភ័យព្រលឹងចុងសក់ ស្រែកស្លន់ស្លោទ្រហឹងពេញរថយន្ត ខណៈដែលកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានបុរសម្នាក់ ស្ទុះទៅទាញដណ្ដើមដៃចង្កូតរថយន្តពីអ្នកបើកបរ បណ្តាលឲ្យរថយន្តរេពេញផ្លូវ និងជ្រុលឡើងបុកសួនដាំស្មៅ កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តក្រុងរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកអ្នកដំណើរ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-1863 បើកបរដោយឈ្មោះ ភុំ ភីណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តសៀមរាប។ ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ឈ្មោះ សំ សុជាន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប សង្ស័យបែកថ្នាំ បានស្ទុះទៅទាញដណ្ដើមយកចង្កូតរថយន្តពីអ្នកបើកបរ បណ្តាលឲ្យរថយន្តរេពេញផ្លូវ និងជ្រុលបុកឡើងលើសួនដាំស្មៅ តែសំណាងល្អមិនមានអ្នករងរបួសទេ គ្រាន់តែមានការភិតភ័យ ព្រលឹងចុងសក់ ទាំងភ្ញៀវបរទេស និងខ្មែរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ សម្រួលចរាចរណ៍ និងឃាត់ខ្លួនជនបង្កសួរនាំ ដោយជនបង្កបាននិយាយទាំងរវើរវាយថា មានគេចង់ចាប់ខ្លួនវេះយកក្រលៀន ទើបខ្លួនចង់រត់គេច ហើយធ្វើរឿងបែបនេះ។
ដោយឡែកប្រពន្ធជនបង្កឈ្មោះ តឹម នីន អាយុ២៩ឆ្នាំ ដែលបានរួមដំណើរជាមួយគ្នា បាននិយាយថា ខ្លួន និងប្តី មានស្រុកកំណើត នៅខេត្តសៀមរាប ដោយជីវភាពខ្វះខាត ទើបបាននាំគ្នាមកស៊ីស្នួលគេធ្វើជាកម្មករសំណង់នៅភ្នំពេញ តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្តីរបស់ខ្លួន ហាក់ដូចជា មានអាការៈមិនស្រួលសោះ ចេះតែរវើរវាយទៀតផង ទើបសម្រេចចិត្តនាំគ្នាទៅស្រុកវិញ តែមិននឹកស្មានថា មានរឿងបែបនេះសោះ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់មាត្រា៤១០ និង៤១១ នៃក្រមព្រហ្មទណ្ឌ៕




