
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នារីម្នាក់ ឈ្មោះ សំ សុខា ដែលយកស្បែកជើងគប់រូបថតសម្ដេច ត្រូវបានប៉ូលីសថៃចាប់ខ្លួន ហើយនឹងត្រូវបញ្ជូនមកកម្ពុជា ឆាប់ៗ។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សំ សុខា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រ់សាលា ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តែមិនទាន់ចាប់បាន។
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញដីកាបញ្ជាឱ្យចូលខ្លួន នារី ឈ្មោះ សំ សុខា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ កើតនៅភូមិអូរស្វាយចេក ឃុំចំការក្នុង ស្រុកទីរួមខេត្ត ខេត្តតាកែវ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឪពុកឈ្មោះ សំ ស៊ីហួយ (ស្លាប់) ម្តាយឈ្មោះ នេព សារ៉េត (រស់) ចូលទៅបង្ហាញខ្លួនចំពោះមុខ មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យបានមុនថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីសាកសួរពីដំណើររឿងប្រមាថ និងញុះញង់ឱ្យមានការរើសអើង។
គួរបញ្ជាក់ថា អំឡុងខែមេសា ឆ្នាំ២០១៧នេះ ស្ត្រីម្នាក់ត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកពីសកម្មភាពដែលគាត់បានយកស្បែកជើងទៅគប់លើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជានៅតាមដងផ្លូវ។ ក្រោយមកសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាដល់ការកំណត់ឈ្មោះ និងត្រូវបានចោទប្រកាន់។


