ភ្នំពេញៈ ខណៈលោក សម រង្ស៊ី និងបក្ខពួកមួយចំនួនបានបង្កើតចលានសង្គ្រោះជាតិនៅក្នុងទឹកដីសហរដ្ឋអាមេរិកជាផ្លូវ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ អ្នកនំាពាក្យគណបក្សកាន់អំណាច បានហៅចលនាភេរវកម្ម។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ថា ដោយមហិច្ឆតាចង់បានអំណាច ដោយរំលោភលទ្ធិប្រជាធិបតេយ្យ លោក សម រង្ស៊ី បានជំនះបង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ដោយមានការខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាវជាមួយក្រុម កឹម សុខា និយម។
លោកបានបន្តថា ក្នុងការប្រកាសចេញមុខរបស់ ដែលហៅថា ចលនាសាង្គ្រោះជាតិ លោ ក សម រង្ស៊ី នៅសម្តែងមោទនភាពបុគ្គលយ៉ាងក្រអឺតក្រទមខ្លាំងណាស់ ដោយអំពាវនាវឲ្យមានការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យ កឹម សុខា បានរួចពីការឃុំខ្លួន ឲ្យអតីតៈបក្សប្រឆាំងបានរស់ឡើងវិញ និងបានចូលរួមការបោះឆ្នោតនាពេលខាងមុខ ទាមទារឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅពេលដែលលទ្ធិប្រជាធិបតេយ្យបាននឹងកំពុងលើកកម្ពស់យ៉ាងល្អ។
លោកបានបញ្ជាក់ថា «សកម្មភាពអវិជ្ជមានរបស់ ទណ្ឌិត សម រង្សី កាន់តែគឃ្លើនដែលឈានចូលដល់សកម្មភាពជាភេរវកម្មពេញទី ដែលញុះញង់ឲ្យមានការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបាននិងកំពុងថែរក្សាការពារសន្តិភាព ស្ថេរភាពន យោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាទូទៅ។ ដោយសកម្មភាពភេរវកម្ម សម រង្ស៊ី ត្រូវប្រឈមនឹងច្បាប់កាន់តែធ្ងន់ធ្ងរថែមទៀតដោយជៀសមិនរួចឡើយ» ។
ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីលោក សម រង្ស៊ី ក៏ បានគូសបញ្ជាក់ថាការបង្កើតចលនាសង្គ្រោះជាតិដើម្បីទាមឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការមួយចំនួន និងឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតឡើងវិញនោះ។
លោកបញ្ជាក់ថា «យើងមានការងារ៥ចំណុចរួមមានទី១. ការងារផ្លូវនយោបាយ ឬការងារផ្លូវការទូត លើកឆាកអន្តរជាតិ ទី២. ការងារសេដ្ឋកិច្ចហិរញ្ញវត្ថុ ទី៣. ការងារបំផុសបំផុលប្រជាពលរដ្ឋងើបឈរឡើងទី៤. ការងារទាក់ទងនិងកងកម្លាំងប្រដាប់អាវុធ និងទី ៥. ចលនាក្នុងជួរគណបក្សកាន់អំណាច» ៕

