ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសគំរាមថា សម្តេចមិនអនុញ្ញាតឲ្យមានការបង្កើតតំបន់អប្បគមន៍សារជាថ្មីនៅប្រទេសកម្ពុជាទេ ហើយសម្តេចតេជោ ក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជាកងទ័ពបង្ក្រាបទៅលើចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោបានថ្លែងថា កាលពីមុនមានក្រុមមួយក្តាប់តូច បានលបលួចបង្កើតតំបន់អប្បគមន៍ នៅក្នុងទឹកដីខេត្តក្រចេះ ដើម្បីបំបែកចេញ ជារដ្ឋមួយផ្សេងទៀត ប៉ុន្តែបានបង្ក្រាបទាន់។
សម្តេច បន្តថា ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមមួយដែលបានកាត់សិទ្ធិ ក្នុងការធ្វើនយោបាយ ក៏បានទៅបង្កើតចលនាសង្រ្គោះជាតិនៅក្រៅ ដែលចលនានេះវាខុសច្បាប់។
សម្តេចថា “អារឿងការស្រែកឡូឡាប៉ុន្មានថ្ងៃមកនេះ សូមកុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅអ្នកឯងគួរតែកុំបង្ខំឲ្យគេវៃដែកគោល ទៅលើក្តារមឈូស របស់អ្នកឯថែមទៀត កុំសង្ឃឹមឲ្យសោះ បើនៅក្នុងដៃតុលាការវាជារឿងមួយ ប៉ុន្តែបើចូលក្នុងកម្រិតអប្បគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវៃចូលទៅកន្លែងនុងដែរ គេមិនអាចឲ្យប្រទេសនេះ មានអប្បគមន៍សារជាថ្មីទេ សូមទោស ប្រាប់ឲ្យហើយ ខ្ញុំមិននិយាយទេ ប៉ុន្មានថ្ងៃនេះ ខ្ញុំអត់និយាយទេ” ។
សម្តេចបន្តថា ចលនាសង្រ្គោះជាតិដែលបង្កើតឡើង ដោយអតីតមេបក្សប្រឆាំងនោះ សូមបង្កើតទៅ ហើយបើចង់ខ្លាំងអញ្ជើញមកកម្ពុជាមក។ សម្តេចថា ទោះបីជាសម្តេច មិនកាន់កាប់ កងទ័ពដោយផ្ទាល់ក៏ដោយ ប៉ុន្តែសម្តេចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ជាកងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌជាអនុប្រធាន ឧត្តមក្រុមប្រឹក្សាការពារជាតិ ដូច្នេះត្រូវយល់ថា មេទ័ពមួយនេះ (សម្តេចតេជោ) មិនមែនជាមេទ័ពទន់ជ្រាយទេ។
កាលពីអំឡុងឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ដែលកាលនោះជា ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំ អេហ្វអ៊ឹម១០៥ មេហ្គាហឺត ត្រូវចាប់ខ្លួនដោយចោទប្រកាន់ថា ពាក់ព័ន្ធរឿងធ្វើអប្បគមន៍ នៅស្រុកឆ្លូងខេត្តក្រចេះ។ ក្នុងនោះមានក្រុមសកម្មជនដីធ្លី យ៉ាងតិច៥នាក់ ត្រូវតុលាការចេញដីកាចោទប្រកាន់ពីបទធ្វើអប្បគមន៍ ដោយភ្ជាប់ការពាក់ព័ន្ធនេះ ជាមួយលោក ម៉ម សូណង់ដូ ៕

