
ភ្នំពេញៈ លោកយាយវ័យចំណាស់ម្នាក់ បានដើរតាមផ្លូវ ស្រាប់តែខ្យល់គរដួលដាច់ផ្ងារទៅក្រោយ បណ្ដាលស្លាប់ភ្លាមៗគួរឲ្យអាណោចអាធ័មយ៉ាងខ្លាំង ព្រោះជាគាត់ជាជនអនាថាមិនកន្លែងស្នាក់នៅពិតប្រាកដ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ងាក់ផ្អើលវេលាម៉ោងប្រហែល៩៖០៥នាទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៧៣Eo ផ្លូវលេខ១២៨ ក្រុមទី៣២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៧៥ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរសណ្ដែកបាយ, កម្ពស់ប្រហែល១ម៉ែត្រ៥៥, ពាក់អាវខៀវក្រឡាតូចៗដៃវែង, ស្លៀកខោពណ៌ខ្មៅជើងវែង, ក្បាលមានជូតក្រមាក្រឡាការ៉ូពណ៌ស-ក្រហម។
បើតាមសំដីរបស់ឈ្មោះ ហម ច័ន្ទរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សំលៀកបំពាក់ ផ្ទះលេខ៣៧៣ ផ្លូវ លេខ១២៨ ក្រុម ទី៣២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាធានីភ្នំពេញ បានអះអាងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩៖០៥នាទី រូបខ្លួនបានបើករថយន្តចេញពីផ្ទះមកបើកហាងលក់សំលៀកបំពាក់យីហោ HARA ដើម្បីលក់ ស្រាប់តែមកដល់ក៏ឃើញមនុស្សស្រីចំណាស់ម្នាក់ អាយុប្រហែល៧៥ឆ្នាំជនជាតិខ្មែរ បានដើរមកតាមបណ្ដោយផ្លូវលេខ១២៨ ពីកើតទៅលិចពេលមកដល់ចំណុចមុខហាងលក់សំលៀកបំពាក់របស់ខ្លួន ស្រាប់តែដួលដាច់ថ្ងាមកក្រោយទៅលើចិញ្ចើមផ្លូវមុខ ហាងខ្លួន ភ្លាមនោះខ្លួនក៏ចុះពីលើរថយន្តមកជួយតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ ខ្លួនក៏រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចុះមកពិនិត្យតែម្ដង។
បើការសន្និដ្ឋានពិនិត្យរបស់ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ប្រាប់ថាជនរងគ្រោះស្លាប់បណ្ដាលមកពីការគាំងបេះដូងស្លាប់ ។
បច្ចុប្បន្ន សពបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

