
នាព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យស្ថាប័នជំនាញសហការគ្នាស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករ កម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់។ ការជំរុញរបស់នេះបានធ្វើឡើង នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៥ ១០៩នាក់មកពីរោងចក្រចំនួន៧ ក្នុងតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ។
សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ គួរសិក្សាមើល ដើម្បីស្រាវជ្រាវបញ្ហានេះ ហើយបើសិនជាយើងខ្វះសមត្ថភាព យើងអាចទាក់ទង អ្នកឯកទេសខាងសុខាភិបាល ខាងវិស័យការងារ ឱ្យគេជួយមើល ជាពិសេសអង្គការសុខភាពពិភពលោកតែម្តង ដើម្បីពិនិត្យមើលបាតុភូតដួលសន្លប់នេះ មកពីបញ្ហាអ្វីពិតប្រាកដ ដើម្បីយើងស្រាវជ្រាវបញ្ហាហ្នឹង ហើយយើងបញ្ជៀសបញ្ហាហ្នឹង។
យោងតាមរបាយការណ៍របស់ ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) របស់ក្រសួងការងារ និងបណ្តុះបណ្តាលេវិជ្ជាជីវៈ បានឲ្យដឹងថានៅក្នុងឆ្នាំ២០១៧ កម្ពុជាមានកម្មករប្រមាណ ១ ៦០៣នាក់ បានដួលសន្លប់ ដែលក្នុងនោះភាគច្រើនបំផុត គឺជាស្ដ្រី។ របាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១ ៦០៣នាក់ ក្នុងនោះ កម្មារិនី ចំនួន ១ ៥៩៩នាក់។



