
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានថ្លែងថាអាជ្ញាធរកំពុងដោះស្រាយ ជាមួយក្រុមហ៊ុនប្រមូលសំរាម ហ្គាអ៊ីយ៉ា (GAEA) ដើម្បីដំណើរការប្រមូលសំរាមក្នុងក្រុងឡើងវិញ។ លោកអភិបាលក្រុងបញ្ជាក់ថាយ៉ាងដូច្នេះថា ក្រុមហ៊ុនបានផ្អាកប្រមូលសំរាមកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារគ្មានរណ្តៅចូលចាក់ ព្រោះទីលានចាស់ពេញ។
នេះជាបញ្ហាចាស់តាំងពីចុងខែសីហា ឆ្នាំ២០១៧ ដែលកាលនោះ ក្រុមហ៊ុនប្រមូលសំរាមបានជីករណ្តៅថ្មីសម្រាប់ចាក់សំរាម តែរណ្តៅនោះនៅកៀកផ្ទះប្រជាពលដ្ឋ ទើបពួកគេតវ៉ាបិទផ្លូវមិនឱ្យឡានដឹកសំរាមចូលចាក់ តែពេលនោះយើងបានដោះស្រាយម្តងហើយ។ នេះជាការបញ្ជាក់របស់ លោកអភិបាលក្រុង។
ជាដំណោះស្រាយជំហានដំបូង គឺលោកអភិបាលកំពុងស្នើសុំទៅភាគីក្រុមហ៊ុនប្រមូលសំរាមអាចទិញរណ្តៅដីរបស់ឯកជនដែលនៅជាប់ទីលានចាក់នោះ ដើម្បីចាក់បន្តក្នុងតម្លៃដែលអាចទទួលយកបាន ឬអាចចាក់ក្នុងរណ្តៅចាស់សិន ដើម្បីដោះស្រាយបញ្ហាមួយគ្រាសិន។
សូមបញ្ជាក់ថា ថ្មីៗ ប្រជាពលរដ្ឋបានតវ៉ាមិនព្រមឱ្យឡានដឹកសំរាមចូលចាក់ក្នុងរណ្តៅថ្មីដែលជះក្លិនមិនល្អដល់ផ្ទះរបស់ពួកគាត់។ ជាការឆ្លើយតបភ្លាមៗ ក្រុមហ៊ុន បានផ្អាកការប្រមូលសំរាមក្នុងក្រុងសៀមរាប ដែលមានបរិមាណក្នុងមួយថ្ងៃពី ៣០០តោន ទៅ៤០០តោន រង់ចាំរកដំណោះស្រាយចុងក្រោយ។
បច្ចុប្បន្ន មានតែក្រុមហ៊ុន GAEA តែមួយប៉ុណ្ណោះ ដែលកំពុងដឹកជញ្ជូនសំរាមចេញពីក្រុងសៀមរាប ដោយប្រើប្រាស់រថយន្តចំនួន២៧គ្រឿងទៅចាក់នៅទីលានសំរាម ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កន្លងមក ធ្លាប់មានក្រុមហ៊ុនកូរ៉េមួយ ចង់វិនិយោគទីលានចាក់សំរាមថ្មីនៅស្រុកបន្ទាយស្រី ដែលគម្រោងនេះបានស្ងាត់ទៅវិញ។