
សៀមរាបៈ ស្រ្តីម្នាក់ ចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេក ដោយតូចចិត្តមិនសល់លុយចំណងដៃ ក្រោយពេលរៀបការរួច។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា នារីគិតខ្លីរូបនេះ ឈ្មោះ ចាន់ ស្រីទៀន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា នារីរងគ្រោះ បានរៀបការនៅថ្ងៃទី២៣ និង២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ នារីរងគ្រោះបានដើររអ៊ូរទាំម្នាក់ឯងថា រៀបការហើយអត់សល់ប្រាក់ចំណង ដៃសម្រាប់រកស៊ីលុះព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នារីរងគ្រោះ បានក្រោកពីដំណេក បានធ្វើការងារផ្ទះដូចធម្មតា មិនបានរអ៊ូរទាំអ្វីទៀតនោះទេ នៅម៉ោង៨ព្រឹក នារីរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយ នឹងប្តីអង្គុយលេង នៅក្រោមផ្ទះ លុះដល់ម៉ោង៩និង៣០នាទី ឪពុកម្តាយនារីរងគ្រោះបានស្រែកហៅឲ្យចុះទៅដាំបាយមិនឮឆ្លើយក៏ឡើងមកហៅនៅលើផ្ទះ ព្រមទាំងច្រានទ្វារបន្ទប់បើកមិនបាន ព្រោះជាប់សោពីខាងក្នុង ខណៈនោះឪពុកនារីរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ ស្រាប់តែឃើញកូនចងកលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយ ក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយជំនាញចុះទៅពិនិត្យ ឃើញថា នារីរងគ្រោះ ពិតជាធ្វើអត្តឃាតខ្លួនប្រាកដមែន មូលហេតុ មកពីនារីគ្រោះ អន់ចិត្តរៀបការរួចគ្មាន សល់លុយ សល់កាក់សម្រាប់រកស៊ី។ ពិនិត្យចប់សព្វគ្រប់ សពនារីរងគ្រោះជំនាញបានប្រគល់ក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី៕

