Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានគម្រាមថា បើអ្នកណាហ៊ាន ធ្វើរូបសម្តេចជាទីងមោងសម្រាប់ដុតនោះ សម្តេចនឹងទៅតាមវ៉ៃដល់ផ្ទះ ហើយការស្រែករបស់សម្តេចមិនបានមួយសប្តាហ៍ផង ពលរដ្ឋនៅអូស្រា្តលី បាននាំគ្នាធ្វើទីងមោង ដោយមានបិទរូបសម្តេចដុត ដែលករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា ជាអំពើអសីលធម៌ ដែលមាននិន្នាការទៅរកអតីតគណបក្សសង្រ្គោះជាតិ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់វត្តទឹកថ្លា កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅអ្នកដែលចង់មានគំនិតធ្វើបាតុកម្មប្រឆាំងសម្តេច នៅប្រទេសអូស្រ្តាលី ក្នុងឱកាសសម្ដេចនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមួយ និងទស្សនកិច្ចផ្លូវការណ៍ នៅអូស្រ្តាលីនាពេលខាងមុខនោះ កុំដុតរូបសម្ដេចឲ្យសោះ បើមិនដូច្នេះទេ សម្តេចនឹងទៅតាមវ៉ៃដល់ផ្ទះ។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមាននិន្នាកាទៅរកអតីតគណបក្សសង្គ្រោះជាតិ នៅអូស្ត្រាលី បានធ្វើសកម្មភាពអសីលធម៌ តាមរយៈនាំគ្នាធ្វើរូបសម្ដេចតេជោ ហ៊ុន សែន ជាទីងមោងសម្រាប់ដុតលេង។

លោក សុខ ឥសាន បានឆ្លើយទៅនឹងការដុតនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយតេឡេក្រោម នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ថា “ថ្មីៗនេះ បងប្អូនខ្មែរមួយចំនួន នៅប្រទេសអូស្ត្រាលី បានធ្វើសកម្មភាព អសីលធម៌ ដោយដុតរូបទីងមោងសម្តេចតេជោ ហ៊ុន សែន សកម្មភាពអសីលធម៌បែបនេះ គឺជានយោបាយជ្រុលនិយម និងលម្អៀងទៅរកអតីតបក្សប្រឆាំងដែលមិនអាចទទួលយកបានឡើយ”។

លោកបន្ដថា ការធ្វើសកម្មភាពអសីលធម៌ និងជ្រុលនិយមនេះ មិនមែនជាសកម្មភាពប្រជាធិបតេយ្យទេ តែជាប្រជាធិបតេយ្យតិរច្ឆាន ដែលពួកអ្នកប្រជាធិបតេយ្យក្លែងក្លាយចូលចិត្តអនុវត្តតាំងពីដើមមក។

វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញផ្សាយថា ពលរដ្ឋខ្មែរកាណាដាប្រមាណជា១០០នាក់ មកពីតាមតំបន់នានាក្នុងប្រទេសកាណាដា រួមមាន រដ្ឋធានីអូតាវ៉ា ក្រុងម៉ុងរ៉េអាល់ និងខេត្តកេប៉ិច កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានមកជួបជុំគ្នានៅវត្តចម្ការរតនារាម ក្នុងក្រុងឡាវ៉ាល់ ស្ថិតនៅភាគខាងជើងទីក្រុងម៉ុងរ៉េអាល់ ដើម្បីរៀបចំពិធីដុតរូបទីងមោង សម្ដេចតេជោ ហ៊ុន សែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor