សៀមរាបៈ អ្នកបើករថយន្តដឹកដីម្នាក់ បើកកិនគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ កៀបជាប់និងកង់ដោយមិនដឹងខ្លួន ខណៈគាត់ទៅយកដីពីរណ្តៅរបស់យាយ ហ្គិច រួចដឹកយកមកលក់នៅក្រុងសៀមរាប។ បន្ទាប់ពីប្រទះឃើញក៏ភ័យស្លន់ស្លោ ហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ហេតុការណ៍ប្រទះឃើញនេះ កើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។
អនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ បានឲ្យដឹងនៅថ្ងៃទី១ខែកុម្ភះ នេះថា មានអ្នកបើកបររថយន្តដឹកដីម្នាក់ឈ្មោះ នេត កុម្ភះ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នករស់នៅក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ បានដឹកដីពីកន្លែងរណ្តៅដី របស់យាយ ហ្គិច ក្នុងភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ហើយដឹកយកមកលក់នៅក្រុងសៀមរាប។ លោកបន្តថា បន្ទាប់ពីម្ចាស់រថយន្តចាក់ដីឲ្យគេរួចយកឡានមកជួសជុលនៅយាន្តដ្ឋានមួយកន្លែង នៅសង្កាត់ស្វាយដង្គំ ក៏ប្រទះឃើញគ្រាប់មីនប្រភេទ៨០មីលីម៉ែត្រ ចំនួន១គ្រាប់ កៀបជាប់ចន្លោះកង់់រថយន្ត។ ពេលនោះទាំងម្ចាស់រថយន្ត និងម្ចាស់យាន្តដ្ឋាន មានការភ័យស្លន់ស្លោ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
លោកបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចទៅដល់ក៏បានរាយការណ៍ទៅអង្កការស៊ីម៉ាក់មកដោះ ដើម្បីយកទៅកម្ទេចចោល។ មន្ត្រីជំនាញបានអះអាងថា នេះគឺជាសំណាងរបស់ម្ចាស់រថយន្តណាស់ ដែលមិនកិនចំ ព្រោះអីគ្រាប់នេះអាចមានលទ្ធភាពផ្ទុះបាន៕



