
ភ្នំពេញៈ កីឡាការិនីកីឡាវ៉ូវីណាមកម្ពុជា ដែលគេស្គាល់ថា ជាកីឡាការិនីមានសម្រស់មួយរូបក្នុងចំណោមអត្តពលិកកីឡានៅកម្ពុជា កីឡាការិនី ពៅ សុខា ក្រោយពីទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងទំហំទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ពីការឈ្នះមេដាយពិភពលោក៥គ្រឿងពីប្រទេសឥណ្ឌា បានអះអាងថា ខ្លួននៅតែបន្តការហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមដណ្តើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជូនកម្ពុជា ត្បិតគូអនាគតនាងនឹងរើសក្រោយស៊ីហ្គេមបញ្ចប់។
កីឡាការិនីវ័យ២១ឆ្នាំ បានពន្យល់ថា ប្រសិនបើរូបគេមានគូអនាគតក្នុងពេលកំពុងហ្វឹកហាត់ និងពេលប្រកួតនោះ វានឹងធ្វើលទ្ធផលរបស់គេមានការធ្លាក់ខ្សោយ និងមានសម្ពាធច្រើន ដែលធ្វើឲ្យរូបគេខូចសម្មាធិ មិនអាចឆ្ពោះទៅរកគោលដៅជោគជ័យ ដែលខ្លួនប៉ងដណ្តើមមេដាយក្នុងនាមខ្លួនជាកីឡាការិនីម្ចាស់ផ្ទះបាននោះទេ ដូច្នោះហើយការសម្រេចចិត្តជ្រើសរើសគូអនាគតចាំគិតក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣សិន។

កីឡាការិនី ពៅ សុខា ប្តេជ្ញាថា ការប្រកួតជើងឯកពិភពលោកនៅឆ្នាំ២០១៩ ឆ្នាំក្រោយនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាងដាច់ខាត់ដណ្តើមមេដាយឲ្យបានជូនកម្ពុជា តែមិនអាចសន្យាថា រក្សាបាន៥គ្រឿងដដែលនោះទេ ពោលគឺអាស្រ័យលើគ្រូបង្វឹកជាអ្នកដាក់ឲ្យប្រកួត។
សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៧កន្លងទៅ កីឡាករិនី ពៅ សុខា ដណ្តើមបានមេដាយចំនួន៥គ្រឿងម្នាក់ឯងមកជូនកម្ពុជា ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕













