
ភ្នំពេញៈ លោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យ គណបក្សសង្រ្គាះជាតិ (CNRP) បានឲ្យដឹងថា សមាជិកនៃសង្គម ដែលរួមរស់នៅជាមួយគ្នា ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងមន្ត្រីរាជការ ទាំងមិនមន្ត្រីរាជការ ត្រូវពង្រឹង និងអនុវត្តច្បាប់ ដើម្បីសង្គមយុត្តិធម៌មួយពិតប្រាកដ ដោយមិនមែនបកស្រាយច្បាប់ តាមចិត្តចង់ តាមតម្រូវការ។
យោងតាមហ្វេសប៊ុក របស់លោក យ៉ែម បុញ្ញឫទ្ធិ សរសេរកាលពីថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា “ដើម្បីកូនខ្មែរ យុវជនបន្តវេនចូលរួម យ៉ាងសកម្មជាមួយនឹងគំនិត គិតជាវិជ្ជមាន ពីព្រោះសមាជិកនៃសង្គម ដែលរួមរស់នៅជាមួយគ្នា ទាំងអ្នកមានទាំងអ្នកក្រ ទាំងមន្ត្រីរាជការទាំង មិនមន្ត្រីរាជការ យើងត្រូវពង្រឹង និងអនុវត្តច្បាប់ ដើម្បីសង្គមយុត្តិធម៌មួយពិតប្រាកដ ដោយមិនមែនបកស្រាយច្បាប់ តាមចិត្តចង់ តាមតម្រូវការ”។
លោកបន្តថា ត្រូវពង្រឹងវិស័យអប់រំ (តាមរយៈគ្រួសារ សាលា សាសនា សង្គម) ដើម្បីសង្គមសីលធម៌ថ្លៃថ្នូរ និងត្រូវពង្រឹងវិស័យសុខាភិបាល សេវាសុខភាព ដើម្បីសង្គមសុខភាព សុខសុភមង្គលផងដែរ ព្រមទាំងពង្រឹងនិងការពារសិទ្ធិ ដើម្បីសង្គមប្រជាធិបតេយ្យ។
លោកថា ដើម្បីយុវជនបន្តវេន ត្រូវបណ្ដុះគំនិតគិតចូលរួម និងបណ្ដុះគំនិតគិតសម្រេច ព្រមទាំងបណ្ដុះគំនិតគិតដឹកនាំ ដោយមិនបណ្ដែតបណ្ដោយ ពេលវេលា ជេរប្រមាថ លាបពណ៌ ញុះញ៉ុងបំពុលសង្គម ដែលនាំឲ្យសង្គមជាតិបែកបាក់នោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ទៀតថា យុវជនបន្តវេនគិតជាតិ តម្កល់ផលប្រយោជន៍ ប្រជាជាតិជាធំ កាន់កាប់វាសនា អនាគតដោយផ្ទាល់ ក្នុងនាមជាកូនអង្គរ មាតាកម្ពុជា។
សូមបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបើកសម័យប្រជុំពេញអង្គវិសាមញ្ញ នីតិកាលទី៥ អនុម័តលើសេចក្តី វិសោធនកម្មច្បាប់ក្រមព្រហ្មទណ្ឌ ចំពោះអ្នកប្រមាថលើអង្គព្រះមហាក្សត្ររួម នឹងច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញផងដែរ៕
