Sponsor
ដោយ-ស្នា

តាកែវ៖ នេះមិនមែនជាលើកទីមួយទេ គឺច្រើនដងហើយ ដែលម្ចាស់ហាងខារាអូខេយីហោ នាគរាំត្រីរាំ គីមលីន ត្រូវបានក្មេងស្ទាវ ៧នាក់ ស្រឡាំកាំង និងស្រែកម៉ែឲ្យជួយ ក្រោយការបញ្ចប់ម៉ោងរបស់ខ្លួនព្រោះតែគ្មានលុយឲ្យថ្លៃស្រាគេ អស់ ១លាន៤០ម៉ឺនរៀល។

ហេតុការណ៍បង្កការភ្ញាក់ផ្តើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខហាងខារាអូខេនេះតែម្តងនៅចំណុច រ៉ារថភ្លើង តាមបណ្តោយផ្លូវខេត្តលេខ២២ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ 

តាមការឲ្យដឹងពីក្មេងៗដែលត្រូវម្ចាស់ហាង  កោរមិនដាក់ ទឹកនេះ នេះបានប្រាប់ថា កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកខ្លួនមានគ្នា៧នាក់បានចូលមកហូបចុក និងច្រៀងខារ៉ាអូខេលេងសប្បាយ នៅទីតាំងខាងលើ តែមិនហ៊ានហៅស្រាបៀរហូបនោះទេព្រោះខ្លាចខ្វះលុយ គឺបានហៅត្រឹមស្រាសាច់ដុំមកហូប ចំនួនជាង ១០ដបទេ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ នោះ គឺក្រោយការច្រៀងចប់ក៏ហៅម្ចាស់ហាងមកគិត លុយទើបពួកគេភ្ញាក់ខ្លួនហាក់លែងស្រវឹងគ្រប់ៗគ្នា ព្រោះតម្លៃដែលត្រូវចំណាយ គឺដល់ទៅ១៤០០០០០ រៀល(មួយលានបួនសែនរៀល)ឯណោះ។ 

ក្រុមក្មេងៗទាំងនោះបន្តថា នៅក្នុងបុងគិតលុយគឺពួកខ្លួនបានផឹកអស់ស្រាសាច់ដុំអស់ចំនួន៤៤ដប តែមុនពេលគិតលុយ ពួកខ្លួនបានដឹងថាផឹកអស់យ៉ាងច្រើនប្រហែល ១០ទេ ព្រោះពួកគេបានផឹកមកខាងក្រៅខ្លះហើយ  តែខ្លួនក៏មិនអាចផឹកគ្នា៧នាក់ ផឹកអស់ស្រារហូតដល់ ៤៤ដបនោះទេ បើផឹកអស់មិនដឹងយកទៅទុកកន្លែងណាទេ ហើយផឹកអស់ជាង៤០ដប នឹងមែនពួកគេម្នាក់ប្រាកដជាស្លាប់ជាមិនខាន។

ក្រោយការគិតលុយហើយពួកខ្លួនមិនមានលុយឲ្យនោះ ម្ចាស់ហាងតម្រូវឲ្យពួកគេទុកម៉ូតូនៅក្នុងហាង ហើយឲ្យទៅផ្ទះយកលុយពីឪពុកម្តាយមកសងទើបគេអនុញ្ញាតឲ្យយកម៉ូតូទៅផ្ទះវិញ។ លុះព្រឹកឡើងពួកខ្លួនបាននាំឪពុកម្តាយមកជួបម្ចាស់ហាងដើម្បីដោះស្រាយគ្នាទើបបង្កការភ្ញាក់ផ្អើល នឹងមហាជនជុំបាននាំគ្នាហួសចិត្ត ចំពោះម្ចាស់ហាង ដែលរកស៊ីកេងបន្លំលើញើសឈាម អ្នកដទៃ។

ជុំវិញករណីម្ចាស់ហាងខារាអូខេនៅតាមបណ្តោយផ្លូវខេត្តលេខ២២ផ្តុំរ៉ារថភ្លើងដែលតែងតែកោរមិនដាក់ទឹករាល់អ្នកដែលមកច្រៀងនោះ គឺបានកើតឡើងញឹកញាប់ណាស់ តែគ្មានសមត្ថកិច្ចណាអើពើនោះដែរ ម្យ៉ាងទៀតនៅទីតាំងខារាអូខេទាំងនោះអាចជាកន្លែងជួញដូរនិងប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មទៀតផង។ ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តចុះមកពិនិត្យរាល់ហាងទាំងអស់នេះផង កុំឲ្យបានដៃខ្លាំងពេក៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor