
កំពង់ចាមៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្នាក់ដឹកនាំប្រទេសចិន តែងតែឲ្យតម្លៃ សម្តេច ហ៊ុន សែន សូម្បីតែឯកអគ្គរដ្ឋទូតចិន ដោយមិនប្រកាន់ជាប្រទេសធំនោះទេ មិនដូចទូតខ្លះ ដែលមិនឲ្យតម្លៃហើយ ថែមទាំងមកប្រដៅសម្តេចដូចកូនក្មេង។
ទោះបីជាសម្តេចមិនបញ្ចេញចំឈ្មោះទូតណាក៏ដោយ ប៉ុន្តែសង្កេតឃើញថា ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ហាក់មិនល្អក្រោយមានការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ ហើយនឹងបានចោទថា អាមេរិកនៅពីក្រោយ ខ្នងនៃការផ្តួលរំលំរាជរដ្ឋាភិបាលនាពេលកន្លងមក។ ក្នុងនោះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វិល្លាម ហេដ ក៏បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនោះទេ និងស្នើឲ្យមានការដោះលែង លោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ត្រង់ចំណុចភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចបានថ្លែងថា មានប្រទេសខ្លះ និងអ្នកប្រឆាំងខ្លះ បានរិះគន់សម្តេច ដែលបានងាកទៅរកចិនជាខ្លាំង ហើយសម្តេចថា ចុះអ្នករិះគន់ទាំងនោះ បានផ្តល់ផលប្រយោជន៍អ្វីខ្លះមកដល់សម្តេច និងប្រទេសខ្មែរទាំងមូលទេ?
សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា “អ្នកឯងចេះតែចោទថា ខ្ញុំទៅគៀកចិនពេក ហើយបើចិនធ្វើការជាមួយខ្ញុំ ស្រួលស្មើភាព ប្រទេសខ្លះត្រឹមតែអគ្គរដ្ឋទូតប្រដៅខ្ញុំដូចកូនក្មេង ហើយឲ្យខ្ញុំទ្រាំម៉េចបាន”។
ទន្ទឹងនេះដែរ សម្តេចតេជោ អះអាងថា ថ្នាក់ដឹកនាំប្រទេសចិន និងអគ្គរដ្ឋទូតចិន បានគោរពសម្តេចដោយ ធ្វើការជាមួយគ្នាក្នុងភាពជាដៃស្មើភាពគ្នា មិនប្រកាន់ប្រទេសធំ-តូចទេ។ បើគ្មានទំនាក់ទំនងជាមួយចិនទេ តើមានស្ពានឆ្លងទន្លេចំនួន៨បានលេចចេញជារូបរាងទេ? នៅកម្ពុជាអាគារខ្ពស់មានតែរបស់ចិន ជប៉ុន និងខ្មែរប៉ុណ្ណោះចំណែកបណ្តាប្រទេសផ្សេងទៀតគ្មានការវិនិយោគអគារខ្ពស់នោះទេ។
សម្តេច បានថ្លែងមិនចំឈ្មោះណាមួយនោះទេ ប៉ុន្តែគ្មានប្រទេសណាក្រៅពីប្រទេសអាមេរិក ដែលបានកាត់ជំនួយ កម្ពុជាកាលពីពេលថ្មីនេះ ក្រោយមេបក្សប្រឆាំងជាប់ពន្ធនាគារ។ សម្តេចថា ប្រទេសនោះលុយតែ១លានដុល្លារទេ បានកាត់ផ្តាច់ជំនួយកម្ពុជា ហើយសម័យនេះទៅហើយកុំមកច្របាច់ក ហ៊ុន សែន មកច្របាច់កហ៊ុន សែនមិនបាន ក្រែងលានអណ្តាតខ្លួនឯង។
សម្តេចតេជោ បានថ្លែងទៀតថា នេះមិនមែននៅមុខចិនសរសើរចិន ហើយទៅបង្អាប់ប្រទេសណាមួយនោះទេ តែជាក់ស្តែងបង្ហាញឲ្យឃើញអីចឹងមែន៕
