Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានបញ្ជាក់ថា សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកជាប់ពន្ធនាគារចំនួន២៩០០០នាក់។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ កុម្ភៈ សម្ដេច ស ខេង បានមានប្រសាសន៍ថា ២៩០០០នាក់ រហូតដល់៣ម៉ឺន ឥឡូវស្រកហើយ (អ្នកជាប់ពន្ធនាគារ) ធម្មតាទេ មានអ្នកខ្លះចប់អនុវត្តន៍ទោស ចេញទៅហើយ នៅក្នុងរង្វង់ហ្នឹង

សម្ដេចបន្ដថា ដើម្បីឆ្លើយតបអ្នកជាប់ពន្ធនាគារច្រើន ក្រសួងនឹងកសាង និងជួសជុល ពន្ធនាគារណាមាន សភាពចាស់ទ្រុឌទ្រោម ដើម្បីឲ្យមានភាពរឹងមាំ និងធានាបានសុវត្ថិភាពអ្នកឃុំខ្លួន។

ឆ្លៀតឱកាសនោះផងដែរ សម្ដេច ស ខេង បានបន្ថែមថា មានអ្នកវិភាគមួយចំនួននៅកម្ពុជា បានវិភាគបញ្ហាពន្ធនាគារ ហើយវិភាគតែមួយជ្រុងតូច បញ្ហាខ្លះខុស បញ្ហាខ្លះត្រូវ ។ សម្ដេចថា អគ្គនាយកដ្ឋានពន្ធនាគារ កំពុងតែរៀបចំធ្វើការងារ បញ្ហាអ្នកជាប់ពន្ធនាគារ។

ជុំវិញបញ្ហាទាំងនេះដែរ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងតាមបណ្ដាមណ្ឌលអប់រំកែប្រែ ពីសំណាក់សាច់ញាតិ អ្នកជាប់ឃុំ មិនត្រូវឲ្យមានការបង់ប្រាក់នោះទេ ព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់អ្នកជាប់ឃុំ លើកលែងតែមានការហាមឃាត់ ពីសមត្ថកិច្ចតុលាការប៉ុណ្ណោះ។

លោកបន្ដថា ចំពោះការយកលុយនោះ មិនមែនជាគោលការណ៍ពន្ធនាគារនោះទេ។ ប៉ុន្ដែប្រសិនបើអ្នកចូលសួរសុខទុក្ខ បានឲ្យលុយបន្ដិចបន្តួច ដល់អ្នកយាម គឺពិតជាមានមែន តែនេះជាការផ្ដល់សារគុណ និងបង្ហាញពីទឹកចិត្តចំពោះអ្នក ចូលជួបអ្នកឃុំខ្លួនប៉ុណ្ណោះ ហើយថវិកាទាំងនោះ មន្ត្រីយកទៅប្រើប្រាស់ដើម្បីថែទាំ និងសំអាតពន្ធនាគារ។

តាមរបាយការណ៍ពី ក្រុមអង្គការ សង្គមស៊ីវិលធ្វើការទាក់ទងទៅនឹង សិទ្ធិសេរីភាព បានបង្ហាញសព្វថ្ងៃពន្ធនាគារ មានការចង្អៀតខ្លាំង ដែលធ្វើឲ្យអ្នកជាប់គុក មានការពិបាក ហើយក៏បានស្នើឲ្យមានការ ពង្រីកផងដែរ។ ចំពោះករណីសាច់ញាតិចង់ចូលជួប បងប្អូនជាប់ពន្ធនាគារ គឺមានថ្នូរជាប្រាក់ ដើម្បីដោះដូរគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor