
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ មេធាវីការពារក្តី លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំពន្ធនាគារនៅត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បានអះអាងថា លោក កឹម សុខា កំពុងមានជំងឺអាចប៉ះពាល់ដល់អាយុបើសិនជាមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែ លោក សុខ ឥសា អ្នកនាំពាក្យគណក្សប្រជាជនកម្ពុជា ឆ្លើយតបថា នេះគ្រាន់តែជាវោហារស័ព្ទនយោបាយចង់បានការដោះលែងកូនក្តី របស់ខ្លួននៅក្រៅឃុំតែប៉ុណ្ណោះ។
លោក សុខ ឥសាន បញ្ជាក់ថាមេធាវី (ការពារក្តីលោក កឹម សុខា)បានចាប់អារម្មណ៍ពីអាយុជីវិតរបស់កូនក្តីរបស់ខ្លួន ប៉ុន្ដែមេធាវីមិនបានគិតពីអាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ មិនដឹងជាប៉ុន្មាននាក់ដែលត្រូវបាត់បង់អាយុជីវិត បើសិនជាអំពើសន្និដ្ឋិភាពជាមួយបរទេសចង់នាំមកនូវគ្រោះមហន្តរាយ ដូចពីអតីតកាលមកដាក់នៅកម្ពុជា ជាថ្មី បានសម្រេចតាមមហិច្ឆតារបស់ខ្លួននោះ។ លោកបន្ថែមថា បើប្រៀបធៀបអាយុជីវិតលោក កឹម សុខា ជាមួយអាយុជីវិតពលរដ្ឋទូទាំង ប្រទេស ឃើញថា ខុសគ្នាឆ្ងាយណាស់ ដូច្នេះកុំយកអាយុជីវិតជនក្បត់ជាតិ លោក កឹម សុខា ម្នាក់មកដាក់ពីលើអាយុជីវិត របស់ប្រជាជនកម្ពុជារាប់លាននាក់។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ក្រោយបញ្ចប់សវនាការរបស់សាលាឧទ្ធរណ៍ មេធាវិការពារក្តីលោក កឹម សុខា បានប្រាប់ថាស្ថានភាពសុខភាពលោក កឹម សុខា ធ្លាក់ចុះខ្លាំងដោយសារតែជំងឺទឹកនោមផ្អែម គឺកម្រិតជាតិស្ករឡើងដល់ជាង៣០០។