
កាលពីថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលជាតិបានចុះផ្សាយឲ្យដឹងថា ការស្វែងរកដីកាចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា គឺពាក់ព័ន្ធនឹងបុរសម្នាក់ដែលជាក្មួយគាត់ឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន អតីតសមាជិកគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ខណៈគាត់កំពុងធ្វើដំណើរនៅក្នុងភូមិសាស្ត្រ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញទាក់ទងនឹងការបញ្ជូនមនុស្សទៅធ្វើការនៅក្រៅប្រទេស។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន និងវត្ថុតាងកំពុងស្ថិតក្នុងចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ រីឯជនសង្ស័យ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា និងបក្ខពួកសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ នេះបើតាមព័ត៌មានពីនគរបាលជាតិ
តាមការរៀបរាប់របស់នគរបាលបានឲ្យដឹងថា កាលពីឆ្នាំ២០០៤ ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន បានដើរឃោសនាក្នុងភូមិថា ពូខ្លួន គឺលោក អះម៉ាត់ យ៉ះយ៉ា ដែលមានក្រុមហ៊ុនជ្រើសរើសពលករត្រូវការជ្រើសរើសជំនួយការមេផ្ទះ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ បន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ២ នាក់ មានឈ្មោះ ស.រ.ទ ហៅ ម.ស.ណ ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ អ.ព ភេទស្រី អាយុ៤២ ឆ្នាំ ក្រោយមកបានចំនួន២០ នាក់ទៀតហើយនាំទៅប្រគល់ឲ្យឈ្មោះ អះម៉ាត់ យ៉ះយ៉ា...។ ពេលនោះដោយ ឈ្មោះ ស.រ.ទ អាយុ ១៥ ឆ្នាំ ត្រូវបានឈ្មោះ អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសាររបស់ឈ្មោះ ម.ស.ណ អាយុ ២២ ឆ្នាំវិញហើយបានបញ្ជូនទៅធ្វើជាស្ត្រីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
សមត្ថកិច្ចនគរបាលកំពុងស្វែងរកចាប់ខ្លួន លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ដែលពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីក្មួយប្រុសគាត់ម្នាក់ត្រូវសមត្ថកិច្ចចាប់កាលពីថ្ងៃពុធ ប៉ុន្តែលោកអះអាងថា នោះគឺជារឿងដែលគេប្រឌិតឡើងដើម្បីចាប់ខ្លួនលោកប៉ុណ្ណោះ។
ទោះយ៉ាងណាលោក អះម៉ាត់ យ៉ះយ៉ា បានបដិសេធថាជារឿងមិនពិត និងសុទ្ធតែត្រូវបានប្រឌិតឡើង ដោយលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចោទប្រកាន់ខ្ញុំ ដើម្បីចង់ចាប់ខ្ញុំដាក់គុក តែប៉ុណ្ណោះ។
លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានរដ្ឋាភិបាលដកចេញពីតំណែងជារដ្ឋលេខាធិការនៅក្រសួងសង្គមកិច្ចផងដែរ ក្រោយពីមានការពាក់ព័ន្ធនឹងការបញ្ជូនពលការិនីជាអនីតិជនទៅធ្វើការខុសច្បាប់នៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។