
កំពង់ចាមៈ កាលពីអតីតកាលពាក្យថា “មានស៊ី អត់សែន មានសែន អត់ស៊ី” មានការពេញនិយមប្រើប្រាស់ ពីសំណាកប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាថ្មីនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា កាលពី១៥ឆ្នាំមុន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានអះអាងក្តែងៗថា បើមានសម រង្ស៊ី អត់ ហ៊ុន សែន បើមាន ហ៊ុន សែន អត់ សម រង្ស៊ី ប៉ុន្តែបច្ចុប្បន្ន ការអះអាងរបស់អតីតមេបក្សប្រឆាំងនេះ បានដូចសម្ដីហើយ គឺសម្តេចបានធ្វើអត់ឲ្យមានវត្តមាន របស់លោក រស់នៅលើទឹកដីកម្ពុជាទៀត ។
ក្នុងអំឡុងពេលចុះជួបអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស និងការឃោសនារកសំឡេងឆ្នោតជាដើម កាលពីឆ្នាំ២០០៥ លោក សម រង្ស៊ី បាននិយាយថា បើមាន “ស៊ី អត់សែន បើមានសែន អត់ស៊ី”។ សព្វថ្ងៃលោក សម រង្ស៊ី ក្រោយជាប់បណ្តឹងជាបន្តបន្ទាប់បានរត់គេចខ្លួនឯងទៅក្រៅប្រទេស ដើម្បីគេចពីសំណាញ់ច្បាប់ ដោយមិនហ៊ានចូលស្រុកនោះទេ ព្រោះបើចូលនឹងចាប់ដាក់ពន្ធនាគារ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកឆ្លងកាត់ទន្លេមេគង្គកំពង់ចាម- ត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ បានមានប្រសាសន៍ថា “កាលពី១៥ឆ្នាំមុន អ្នកឯងនិយាយអំពីអី អ្នកឯងនិយាយថា មានស៊ី អត់សែន មានសែន អត់ស៊ី មានន័យថា បើមានគេអត់ខ្ញុំ មានខ្ញុំអត់គេ ហើយឥឡូវខ្ញុំធ្វើឲ្យដូចខ្ញុំធ្វើ អាហ្នឹងឲ្យដូច ធ្វើឲ្យដូចមួយជីវិត ទាល់តែងាប់រៀងៗខ្លួន មានឯងអត់អញ មានអញអត់ឯង ”។
សម្ដេចថា ធ្វើនេះធ្វើតាមលោក សម រង្ស៊ី អត់ធ្វើតាមអ្នកណាទេ ពីព្រោះលោក សម រង្ស៊ី បានដាក់ចេញគោលនយោបាយឃោសនាថា “មានស៊ី អត់សែន មានសែន អត់ស៊ី” ដូច្នេះ លោក សម រង្ស៊ី បានអនុវត្តន៍ជារៀងរហូត ដោយបានចាប់បង្ខំឲ្យសម្ដេច មិនអាចអត់ធ្មត់បាន ត្រូវតែអនុវត្តន៍តាមផ្លូវច្បាប់ រដ្ឋធម្មនុញ្ញរបស់កម្ពុជា ។
សម្ដេចបន្ដថា កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី បានដាក់កំណត់ជាមួយសម្ដេចថា អាយុ៦៥ឆ្នាំ ត្រូវឈប់ធ្វើនយោបាយទាំងអស់គ្នា សម្ដេចបានឆ្លើយតបវិញថា “ហែងអ្នក ជាប់គុកសោះ មកបបួលអញជានាយករដ្ឋមន្ដ្រី ឲ្យអញចុះពីតំណែងទៅជាប់គុកជាមួយហែង ជាប់គុកតែហែង ហែងជាប់គុកទៅ ”។
សម្ដេចបន្ថែមថា គ្មានច្បាប់ណាមកហាមឃាត់មិនឲ្យធ្វើជានាយករដ្ឋមន្ដ្រីឡើយ សម្ដេចបានតម្រូវឲ្យលោក សម រង្ស៊ី ពិនិត្យមើលច្បាប់សិទ្ធិធ្វើនយោបាយ ។ បើតាមមើលលោក សម រង្ស៊ី ចង់ដាក់រដ្ឋធម្មនុញ្ញថា ធ្វើជានាយករដ្ឋមន្ដ្រីត្រឹមតែអាយុ៦៥ឆ្នាំ បានហើយ បើថាឆ្កួតៗម្នាក់ឯងទៅ សម្ដេចមិនចង់និយាយតជាមួយទៀតឡើយ ។
សម្ដេចអះអាងថា “អានេះចេះយកកាឡៃមកមាស” បើថា លោកឆ្លាតតែម្នាក់ឯងទៅ ដោយសារ តែឯងឆ្លាតមិនគ្រប់គ្រាន់ បានជាចាញ់ការបោះឆ្នោតជាមួយសម្ដេចរហូត បញ្ហាសំខាន់អ្នកឯងឆ្លាត ក្នុងការដឹកនាំប្រទេសនេះឬអត់ ។

សម្តេចថា “បើមនុស្សឆ្កួតទៅហើយ បើឆ្កែព្រុស បើព្រុសដាក់ឆ្កែក៏ពិបាក ឆ្កែខាំជើង បើទៅខាំឆ្កែក៏ពិបាក ប៉ុន្ដែនៅពេលខ្លះគួរតែត្រូវនិយាយផងដែរ ដើម្បីឲ្យដឹងអំពីបញ្ហាអ្វីមួយ ។ មិនល្ងង់ដូចអ្នកឯងទេ បានជាខ្ញុំដឹកនាំប្រទេសជិត៤០ឆ្នាំ ។ ហែងលេងខូចចឹងបានជាមិនដែលឈ្នះ តែងតែជាប់គុកជានិច្ច ជាប់តាំងពីឪ ។ ឪគេពីដើម គេហៅអាសារី សម ឆ្កែខ្ញុំ មិនតូចមិនធំ ខ្លួនធំជាងឆ្មា ដល់ឥឡូវតទៀត តទាំងត្រកូលតែម្ដងអានេះក្បត់ ឪក្បត់ជាតិសោះ មកបបួលឯងដោះដូរគ្នា ឲ្យស្មើគ្នា៦៥ឆ្នាំ ឈប់ទាំងអស់គ្នា ទៅជាចឹងទៅ”៕