Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ច បើបង្ក្រាបបទល្មើសគ្រឿងញៀន ហើយដកហូតថ្នាំញៀនសុទ្ធបាន១គីឡូក្រាម នឹងទទួលបានការជួយឧបត្ថមជាថវិកាលើកទឹកចិត្តពីក្រសួងមហាផ្ទៃចំនួន១ម៉ឺនដុល្លារអាមេរិក។

ការបញ្ជាក់បែបនេះរបស់សម្ដេចក្រឡាហោម បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានី នៅសាលារាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ កុម្ភៈ សម្តេចបានប្រកាសរួចហើយ ក្នុងការលើកទឹកចិត្ត គឺបើកម្លាំងមានសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន ហើយដកហូតថ្នាំញៀនសុទ្ធបាន១គីឡូក្រាម ក្រសួងមហាផ្ទៃ នឹងជួយឧបត្ថមជាថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែទោះជាយ៉ាងណាក្តីសម្ដេចក្រឡាហោម បានឲ្យ​មន្ត្រី កងកម្លាំងទាំងអស់ គោរពនៅវិជ្ជាជីវៈ ធ្វើអ្វីអោយមានភាពពិតប្រាកដ និងត្រឹមត្រូវ ហើយថ្នាំញៀននោះជាថ្នាំញៀនសុទ្ធ បង្ក្រាបបានជាក់ស្តែង។

ក្រៅពីបញ្ហាខាងលើនេះសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងទៀតថា យើងត្រូវផ្សព្វផ្សាយទិសដៅការងារ ក្នុងសន្និបាតនេះឲ្យ​ប្រជាពលរដ្ឋបានដឹងនិងចូលរួមមួយយើង នោះមានន័យថា យើងជោគជ័យមួយជំហានហើយ។ ការពង្រឹងសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយនេះជារឿងសំខាន់ ហើយសំខាន់ថែមទៀតនោះគឺការចូលរួមពីប្រជាពលរដ្ឋ មានន័យថា បើគាត់មិនបានជួយអ្វីដល់យើង យ៉ាងហោចណាស់ក៏គាត់មិនរំខានដល់ការងារយើងដែរ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា សមិទ្ធផលដែលរាជធានីភ្នំពេញទទូលបាននៅក្នុឆ្នាំ២០១៧កន្លងមកនេះ ជាជោគជ័យដ៏ធំធេង ជាមួយរាជរដ្ឋាភិបាល ហើយអ្វីដែលយើងអនុវត្តបានល្អហើយ យើងត្រូវបន្តធ្វើទៀត ហើយអ្វីដែលនៅចន្លោះប្រហោងយើងត្រូវបំពេញបន្ថែម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor