Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ ជាទូទៅឲ្យ​តែ​មានកម្ម​វិធី​តាំងពិព័រណ៍​ដាក់តាំង​មុខទំនិញ​ម្តងៗ ​ប្រជាពលរដ្ឋទាំង​ក្មេង​ចាស់​ប្រុស​ស្រីបាន​នាំគ្នា​ទៅ​ទិញ​សម្លៀកបំពាក់ ម្ហូបអាហារ និង​នំចំណី​យកមក​ទទួលទាន​ តែពួកគាត់មិនបាន​ចាប់​អារម្ភពីមុខទំនិញមួយចំនួនធំ ​គឺ​សុទ្ធសឹងខូចគុណភាព និង​ហួស​កាល​បរិ​ច្ឆេទ​ប្រើប្រាស់ ដែល​គេ​ដាក់លក់​បន្លំ​នៅក្នុង​កម្មវិធី​។

ជាក់ស្តែង កាលពី​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ មាន​កម្មវិធី​តាំងពិព័រណ៍​ស្ថិតក្នុង​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន គេសង្កេតឃើញប្រជាពលរដ្ឋខេត្តប៉ៃលិនក្មេងចាស់ប្រុសស្រីយ៉ាងច្រើន បាននាំគ្នាសម្រុកទៅទិញទំនិញក្នុងពិធីនោះ ខណៈគេ​ប្រទះឃើញ​គ្រឿង​បរិភោគ​មួយចំនួន​សុទ្ធសឹងតែ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់។

ការ​ដាក់តាំង​មុខទំនិញ​លក់​ពេល​រាត្រី​នេះ គឺ​គេ​បានធ្វើ​ឡើង​រយៈពេល​១​សប្តាហ៍​មកហើយ ដោយ​ចាប់ពី​តាំងពី​យប់​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​៩ ខែកុម្ភៈ ទើប​រើ​តូប​ទៅវិញ ហើយ​ការលក់ដូរ​នេះ មាន​គេ​ដាក់​ផលិតផល​របស់​ខ្មែរ និង​មាន​ជនជាតិ​ថៃ​លក់ដូរ​ផងដែរ។​

ប្រជាពលរដ្ឋ​ថា ការ​ដាក់លក់​ផលិតផល​បែបនេះ គួរតែ​ខាង​ជំនាញ​ធ្វើ​ការចុះ​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​សិន ចាំ​អនុញ្ញាតឱ្យ​អាជីវករ​យក​ទំនិញ​របស់ខ្លួន​មក​តាំង​លក់​ដូចនេះ ព្រោះថា ទំនិញ​ហួស​កាលបរិច្ឆេទ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។

លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្លាប់បាន​ថ្លែងថា ខេត្ត​ប៉ៃលិន ក្នុង​១​ឆ្នាំៗ បាន​បើក​លក់ទំនិញ​ពេល​រាត្រី ឬ​ការតាំងពិព័រណ៍ ២​ទៅ​៣​ដង ដោយមាន​ទំនិញ​មកពី​ប្រទេស​ថៃ និង​ខ្មែរ​យើង​រួមគ្នា​ផងដែរ​, ហើយ​មុននឹង​ដាក់ឱ្យ​លក់ដូរ​ខាង​មន្ត្រី​លោក ​គឺ​តែងតែ​ធ្វើ​ការត្រួត​ពិនិត្យមើល​ជាមុន បើសិន​ជាមាន​ទំនិញ​ហួស​កាលបរិច្ឆេទ គឺ​មិន​អនុញ្ញាតឱ្យ​លក់ដូរ​នោះឡើយ ។​

​តែ​យ៉ាងណាក៏ដោយ ចំពោះ​ករណី​ប្រជាពលរដ្ឋ​ប្រទះឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដាក់តាំង​លក់​ក្នុង​ពិធី​តាំងពិព័រណ៍​នេះ មិនដឹងថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ភ្លេច​ពិនិត្យ ឬ​យ៉ាងណាទេ​?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor