
លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកលោកថា៖ អង្គបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ត្រូវបានរកឃើញថា មានចោរចំនួន ៥ ០៦២នាក់ ក្នុងចំណោមអង្គបោះឆ្នោតសារុប ១១ ៦៩៥នាក់ នឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបញ្ជាក់ទៀតថា៖ បើអង្គបោះឆ្នោតជិតពាក់កណ្តាលជាចោរ ដូច្នេះ ស្ថាប័នព្រឹទ្ធសភាខ្មែរ នីតិកាលទី៤ នេះ នឹងមានតំណាងចោរជិតកណ្តាលដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៧ កន្លងទៅ នៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត អតីតគណបក្សសង្គ្រោះជាតិបានឈ្នះក្រុមប្រឹក្សាឃុំ ៤៨៩ឃុំ-សង្កាត់ បើគិតជាអាសនៈអតីតគណបក្សសង្គ្រោះជាតិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧។
ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ គ.ជ.ប បានបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទៅឱ្យបក្សផ្សេង ទៅតាមច្បាប់។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
