Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ដាក់ពន្ធនាគារ១ឆ្នាំ តែទោសនេះព្យួរទាំងមូល ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ពាក់ព័ន្ធការផ្ទុះអាវុធនៅក្នុងការបង្ក្រាបល្បែងស៊ីសងជល់មាន់ បណ្ដាលឲ្យ​ស្លាប់បុរសម្នាក់។

សេចក្ដីសម្រេចនេះ បានធ្វើឡើងបន្ទាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកយកមកកាត់ទោសនាព្រឹកថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៨ នេះ នៅចំពោះមុខជនជាប់ចោទ និងក្រុមគ្រួសារជនរងគ្រោះ។

ក្នុងសវនាការជនជាប់ចោទ បានសារភាពពីកំហុសដោយអចេតនារបស់ខ្លួននៅពេលបើកប្រតិបត្តិការបង្ក្រាបវង់ល្បែងស៊ីសង ហើយផ្ទុះអាវុធ បណ្ដាលឲ្យ​ត្រូវជនរងគ្រោះស្លាប់។

ភរិយាជនរងគ្រោះ ដែលបានចូលមកក្នុងសវនាការ បាននិយាយថា នៅថ្ងៃកើតហេតុ ពេលដែលសមត្ថកិច្ចបង្ក្រាបអ្នកលេងល្បែងជល់មាន់នោះ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយប្ដីគាត់បានអើតពីជាន់ទី៣មើលមកក្រោម ក៏ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក បណ្ដាលឲ្យ​របួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ភរិយាជនរងគ្រោះ បានឲ្យ​ដឹងទៀតថា ក្រោយកើតហេតុមានថ្នាក់ដឹកនាំនគរបាលមួយចំនួនបានយកថវិកាចំនួន៨០០០ដុល្លារ និងបច្ច័យបុណ្យសពមកចូលរួមកាន់ទុក្ខនៅឯស្រុកកំណើត ។ ចំពោះការកាត់ទោសនេះ នាងមិនបាន​ដឹងទារអ្វីទៀតទេ។

សូមរំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នារសៀលថ្ងៃទី២៤មករា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ដាក់ពន្ធនាគាប៉េហ្ស៊ីភ្នំពេញជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងប្រតិបត្តិការបង្ក្រាបល្បែងមាន់ជល់មួយ បណ្ដាលឲ្យ​ស្លាប់បុរសម្នាក់។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹងថា ក្រោយពីបានពិនិត្យឯកសារសំណុំរឿង សាកសួរចម្លើយតាមនីតិវិធី និងពិនិត្យភស្តុតាង តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា ប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៌គ្មានលេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

មាត្រា២០៧នៃក្រមព្ររហ្មទណ្ឌ បទមនុស្សឃាត ដោយអចេតនា ចែងថាជា អំពើបណ្តាល ឱ្យ ស្លាប់អ្នកដទៃ ដោយការធ្វេសប្រហែស មិនមានការប្រុងប្រយ័ត្ន ឬការខ្ជីខ្ជាត្រូវផ្តន្ទាទោស ដាក់​ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។

ជនជាប់ចោទនេះឈ្មោះ ចន វិរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានឋានន្ទរសក្តិជាអនុសេនីយ៍ត្រីយ៍ បម្រើការងារនៅផ្នែកអន្តរាមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី២១ មករា ២០១៨ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំង និងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយកន្លែង នៅក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២។

កិច្ចបង្ក្រាបនោះសមត្ថកិច្ចបានផ្ទុះអាវុធ ឡើង លើជាច្រើនគ្រាប់ បណ្តាលឱ្យ ត្រូវបុរសម្នាក់កំពុងឈរពីលើផ្ទះ មើលគេលេងល្បែងបញ្ជល់មាន់ ស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឱ្យ ដឹងថា មុនពេលកើតហេតុ ប្តីនាងបាន និងកំពុងឈរពីលើផ្ទះជួល មើលគេចាប់គួរបញ្ជល់មាន់នៅក្បែរផ្ទះ ។ ពេលនោះស្រាប់តែមានសមត្ថកិច្ចមួយក្រុម បានចុះទៅបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែនោះ ព្រមទាំងមានការផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផង ស្របពេលនោះ គ្រាប់កាំភ្លើងក៏បានហោះទៅត្រូវចំប្តីរបស់គាត់២គ្រាប់ ដោយ១គ្រាប់ត្រូវបំពង់ក និង ១គ្រាប់ទៀតត្រូវចំកដៃខាងស្ដាំ ។ ភ្លាមៗនោះគាត់ជាប្រពន្ធបានដឹកប្តីបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសល គ្រាប់កាំភ្លើងបានត្រូវប្តីគាក់ចំគោលដៅ ដែលមិនអាចសង្គ្រោះបាន ប្តីគាត់បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ។ ស្រី្តជាភរិយា នៃសពបានបន្តថា ទោះជាយ៉ាងនេះក្តីគាត់មិនបានដាក់ពាក្យប្តឹង ទៅលើសមត្តកិច្ចដែលបានផ្ទុះអាវុធ បណ្តាលឲ្យប្តីរបស់គាត់ស្លាប់នោះទេ ពោលគឺមនុស្សស្លាប់ហើយប្តឹងទៅក៏មិនរស់វិញដែរ សំខាន់គឺតម្រូវការធ្វើបុណ្យជូនសពប្តីឲ្យបានសមរម្យតែប៉ុណ្ណោះទេ រឿងអ្វីៗទុកឲ្យសមត្តកិច្ចធ្វើតាមច្បាប់។

ករណីខាងលើនេះបើទោះជាក្រុមគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្តឹងទាមទារសំណងរដ្ឋប្បវេណីយ៉ាងណាក្តី ក៏ជនសង្ស័័យត្រូវបានសមត្តកិច្ចចាប់ខ្លួន នាំទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ដែរ ។ សមត្តកិច្ចបានឲ្យដឹងថា ជនសង្ស័យបានប្រើបាស់កាំភ្លើងខ្លីម៉ាកបេរ៉េតា និងបានបាញ់ឡើងលើបង្រ្កាបក្រុមអ្នកលេងជល់មាន់ តែគ្រាប់ភ្លើងនោះបានហោះទៅចំបង្កាន់ដៃផ្ទះ បណ្តាលឲ្យផ្លាតត្រូវជនរងគ្រោះស្លាប់ ។ ក្រោយពីមរណៈភាពជនរងគ្រោះ គេបានសង្កេតឃើញលោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ រួមទាំងមន្ត្រីនគរបាលពាក់ព័ន្ធបាននាំយកនូវបច្ច័យមួយចំនួនធំ ទៅជូនដល់ដៃភរិយា នៃសព សម្រាប់ធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor