
ភ្នំពេញៈ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនចង់ក្លាយជាកីឡាការិនីកាយសម្ព័ន្ធល្បីឈ្មោះនាថ្ងៃអនាគត ឈួន ស្រីនាថ បានសម្រេចចិត្តឃ្លាតឆ្ងាយពីស្រុកកំណើរមករួមរស់ជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធនៅរាជធានីភ្នំពេញក្នុងបំណង ក្រេបជញ្ជក់យកចំនេះដឹងត្រៀមប្រជែងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។
ស្ថិតក្នុងវ័យ៩ឆ្នាំ កំពុងទទួលបានការបីបាច់ស្រលាញ់ថ្នាក់ថ្នមពីឪពុកម្តាយ កីឡាការិនី ឈួនស្រីនាថ ដែលកើតចេញពីត្រកូលកសិករសុទ្ធសាធ បានសម្រេចចិត្តចាកចេញពីក្រុមគ្រួសារ និងស្រុកកំណើតមករួមរស់ជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងបំណងក្រេបជញ្ជក់យកចំណងដឹងកីឡាកាយសម្ព័ន្ធ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនចង់ក្លាយជាកីឡាការិនីកាយសម្ព័ន្ធល្បីឈ្មោះនៅកម្ពុជា នាពេលអនាគត។
ថ្លែងប្រាប់ CAM POST នៅព្រឹកមិញនេះ កីឡាការនីក្មេងខ្ចីវ័យទើបតែ៩ឆ្នាំ ដែលមានដើមកំណើតចេញពីខេត្តកំពង់ឆ្នាំរូបនេះ បានបញ្ជាក់ថា ការចាកចេញពីស្រុកកំណើតរបស់នាងមករួមរស់ជាមួយសហព័ន្ធកីឡាកាយសម្ព័ន្ធក្នុងគោលបំណងទទួលយកការបណ្តុះបណ្តាល ដើម្បីក្លាយជាកីឡាការិនីកាយសម្ព័ន្ធមួយរូបមានសមត្ថភាពពោលេញត្រៀមប្រជែងដណ្តើមយកមេដាយពីលើឆាកអន្តរជាតិមកជូនកម្ពុជា។

ពាក់ព័ន្ធនឹងការសម្រេចទទួលយកស្រីនាថ ឲ្យចូលហ្វឹកហាត់ស្នាក់នៅជាមួយសហព័ន្ធ លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូធំបាន បញ្ជាក់ថា ស្រីនាថ ដ្បិតនាងទើបតែមានវ័យ៩ឆ្នាំ ប៉ុន្តែស្រីនាថមានទំនួលខុសត្រូវខ្ពស់គោរពនូវច្បាប់វិន័យក្រឹតក្រុម ដោយមិនហត់ប្រៀនប្រដៅឡើយ ពោល គឺក្មេងស្រីមានឧបនិស្ស័យ និងកាយសម្បទាសមស្របហាត់នូវកីឡាមួយនេះណាស់។ លោក មានជំនឿចិត្តថា ទៅថ្ងៃអនាគតស្រីនាថ និងក្លាយជាកីឡាកានីមួយរូប ដែលតំណាងឲ្យកម្ពុជាប្រជែងនាំយកមេដាយលើ ប្រភេទកីឡាកាយសម្ព័ន្ធពីលើឆាកអន្តរជាតិមកជូនមាតុប្រទេសជាក់ជាពុំខាន។

អគ្គលេខាធិការរូបនេះ ឲ្យដឹងទៀតថា ស្រីនាថមកស្នាក់នៅហ្វឹកហាត់ជាមួយសហព័ន្ធមិនទាន់មានទទួលបានឧបត្ថម្ភណាមួយពីក្រសួងអប់រំយុវជន និងកីឡានោះទេ ស្រីនាថ នៅក្នុងបន្ទុកការទទួលខុសត្រូវរបស់សហព័ន្ធទាំងស្រុង ទាំងការហូបចុក និងការសិក្សា។ ទោះបីជាស្រីនាថ មិនទាន់គ្រប់អាយុជាប់ជាកីឡាការិនីថ្នាល ដែលទទួលបានការឧបត្ថម្ភទំនុកបម្រុងពីក្រសួងអប់រំក្តី តែក្នុងនាមលោកជាអគ្គលេខាធិការ លោកសន្យាថា នឹងផ្តល់ប្រាក់ឧបត្ថម្ភតិចសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សាស្រីនាថ។ទន្ទឹងនិងនោះ លោក បានអះអាងថា យ៉ាងយូ២ឆ្នាំទៀត កីឡាការិនីដែលមានដើមកំណើតចេញពីខេត្តកំពង់ឆ្នាំរូបនេះ នឹងធ្វើតេសជាប់ជាយុវជនថ្នាលរបស់ក្រសួងអប់រំយុវជន និងកីឡាជាក់ជាមិនខាន ខណៈការហ្វឹកហាត់បច្ចុប្បន្នឃើញសមត្ថភាពស្រីនាថអភិវឌ្ឍន៍ខ្លាំង។

កីឡាការិនីវ័យ៩ឆ្នាំស្រីនាថ នាងកើត នៅភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ហើយនាងមានឪពុកឈ្មោះ ឆាយ សុភ័ក្រ និង ម្តាយឈ្មោះ មុំ សំបាន ដោយនាង គឺជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់៕











