
ភ្នំពេញៈ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងបកទៅវិញថា សហភាពអឺរ៉ុប (EU) ពុំមានការបិទផ្សារនាំចូលរបស់កម្ពុជានោះទេ។
លោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានអះអាងថា សហភាពអឺរ៉ុប នឹងបិទទីផ្សារកម្ពុជា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនព្រមដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិដំណើការឡើងវិញ មិនព្រមរៀបចំការបោះឆ្នោតត្រឹមត្រូវ ដោយមានគណបក្សសង្គ្រោះជាតិចូលរួមផងដែរ ហើយមិនព្រមផ្តល់សេរីភាពពេញលេញជូនប្រជារាស្ត្រខ្មែរវិញ ។
ក្រោយពីលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បញ្ចប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងARMAC នាទីស្នាក់ការ ARMAC នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា លោក ជុំ សន្ទរី បានថ្លែងថា កម្ពុជានៅតែបន្តរក្សាទំនាក់ទំនងការបរទេសជាមួយបណ្តាប្រទេសដទៃទៀត នៅលើពិភពលោក រាប់ទាំងសហភាពអឺរ៉ុបផង លើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកទេ។
លោកបញ្ជាក់ថា “ខ្ញុំគិតថា នៅពេលនេះ វាដូចជាឆាប់ពេក និយាយដល់ការបិទទីផ្សារ ព្រោះនៅក្នុងសេចក្តីសម្រេចក្នុងការប្រជុំរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏មិនទាន់បាននិយាយលើរឿងហ្នឹងដែរ អត់ទាន់មានការសម្រេចណាបិទទីផ្សារ អត់ទាន់មានទេ”៕
