
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា តាមការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា អាណត្តិទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា(CPP) បានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត ក្នុងភូមិភាគទាំង៨ ខណៈអតីតគណបក្សសង្គ្រោះជាតិ (CNRP) មិនទទួលស្គាល់ និងមិនគាំទ្រ។
ទោះបីជាអតីតបក្សប្រឆាំង មិនទទួលស្គាល់ តែគណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរ រួបរួមជាតិ ដែលបានចូលរួមប្រកួត ប្រជែងដែរនោះ ហើយមិនបានទទួលអាសនៈនោះ ក៏បាន សាទរយ៉ាងខ្លាំងចំពោះលទ្ធផលបឋម នៃការបោះឆ្នោតនេះ ក្នុងគ្រាគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់ អំណាចបានឈ្នះ៥៨អាសនៈ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានសរសេរថា “ជម្រាបសួរបងបងប្អូនជនរួមជាតិទូទាំងប្រទេស តាមការប្រកាស លទ្ធផលជំហានបឋមដំបូង នៃការបោះឆ្នោតជ្រើស រើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទីអាទិត្យទី២៥ កុម្ភៈ កន្លងទៅ គឺបានឲ្យដឹងថា គណបក្ស ប្រជាជនកម្ពុជា យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅក្នុងភូមិភាគទាំង៨”។

សម្ដេចថ្លែងអរគុណ សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលតែង តែគាំទ្រ និងបោះឆ្នោតឲ្យតែ គណបក្សប្រជាជនជារៀងរហូតមក ដើម្បីដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ៕
