
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់បណ្តាប្រទេសមួយចំនួនក្នុងពិភពលោក។
ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៨ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ហោ ណាំហុង បានឲ្យដឹងថា រាជរដ្ឋាភិបាលបានធានាយ៉ាងមុតមាំនូវឯករាជ្យ និងអធិបតេយ្យភាពជាតិ ព្រមទាំងបូរណភាពទឹកដីយ៉ាងពេញលេញ។
លោកបន្តថា “រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាត ការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ទោះក្រោមរូបភាពណា ឬពីប្រទេសណាក៏ដោយ ក្នុងការប៉ុនប៉ង ធ្វើបដិវត្តន៍មានពណ៌នៅកម្ពុជា”។
ក្រោយពីមានការចាប់ខ្លួន លោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិមក មាន ប្រទេសមួយចំនួន ដូចជាអាមេរិក និងសហភាពអឺរ៉ុបជាដើម បានស្នើឲ្យមានការដោះលែង និងអនុញ្ញាតឲ្យអតីតបក្សនេះ ដំណើរការឡើងវិញ សម្រាប់ចូលរួមដំណើរការបោះឆ្នោតថ្នាក់ជាតិ។
ក្នុងឱកាសនោះដែរ លោកបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់៧% ដែលស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ។
សមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ក្នុងរយៈពេលកន្លងទៅនេះ ជាសក្ខីភាពនៃការរីកចម្រើន របស់កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពធំធេងថែមទៀត ដោយរាជរដ្ឋាភិបាល សម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៧% រយៈពេលជាង២ទសវត្សកន្លងមក។
លោកថា វិស័យទេសចរណ៍ ត្រូវបានចាត់ទុកថា ជាវិស័យអទិភាពមួយ ក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ដែលបានរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ដោយផ្ទាល់ដែលបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហោ ណាំហុង បានបន្ថែមថា គួរមានវិធានការ ប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយ ឲ្យទូលំទូលាយ ក្នុងប្រព័ន្ធឃោសនាអន្តរជាតិ អំពីសក្តានុពល ទេសចរណ៍នានា នៅកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់សម្រាប់ឆ្នាំ២០១៨ ឆ្នាំ២០២០ និងឆ្នាំ២០៣០៕
