
ភ្នំពេញៈ កាលពីយប់មិញនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមសម្តែងនៅទីនោះជូនប្រជាពលករនៅប្រទេសកូរ៉េ។ ហេតុតែមានអ្នកគាំទ្រពេញចិត្តឃើញថា មនុស្សជាច្រើនបានចោមរោម ខេមរៈ សិរីមន្ត ខ្លះឱបខ្លះថតពេញព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានន័យថា ប្រជាប្រិយភាពរបស់ សិរីមន្ត នៅតែខ្លាំង។
នេះជាការចេញដំណើរលើកទី២របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងការទៅសម្តែងនៅប្រទេសកូរ៉េ ដែលមានពលករខ្មែរនៅទីនោះខ្ទង់រាប់ម៉ឺននាក់។ ជុំទី២នេះជាការរៀបចំផ្ទាល់ពីសំណាក់លោក ឡេង ណាវ៉ាត្រា ពេលនេះក្លាយជាអ្នកជំនួញដីធ្លីជោគជ័យ និងធ្លាប់ហែលឆ្លងជាតិជាពលករកូរ៉េនៅទីនោះដែរ។ ក្រៅពីនេះគេឃើញវត្តមានអ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ឡុង តារាសម្តែង និងពិធីករ ប៉ែន ចំរ៉ុង ឌីជេអាឡាស្កូ ក្រុមរាំផងដែរ។

លោក ខេមរៈ សិរីមន្ត បានឲ្យដឹងគ្រានោះថា ជាឱកាសទី២ហើយ ដែលលោកបានទៅសម្តែងនៅប្រទេសកូរ៉េ ហើយក៏រំពឹងថា ពុកម៉ែបងប្អូនខ្មែរយើងនៅទីនោះសប្បាយរីករាយសារជាថ្មីម្តងទៀត។ លោកថា មួយលើកនេះបានពាំនាំបទចម្រៀងទាំងថ្មីចាស់បម្រើប្រិយមិត្តឲ្យបានសប្បាយ ព្រមជាមួយក្រុមរាំផ្ទាល់ខ្លួន។ បើទោះបីជាយ៉ាងណា លោកក៏ពិភាក្សាបរិច្ចាកថវិកាមួយចំនួនក្នុងកិច្ចការមនុស្សធម៌ បន្ទាប់ពីពិភាក្សាពីលោក ណាវ៉ាត្រា ជាអ្នករៀបចំ។
មិនត្រឹមតែ ខេមរៈ សិរីមន្ត ចំណាយពេលទៅទីនោះទេ សូម្បីតែ មាស សុខសោភា លោក ខេម ក៏ចេញដំណើរនៅថ្ងៃនេះជាមួយក្រុមនេះដែរ ដោយការចំណាយរបស់លោក ឡេង ណាវ៉ាត្រា ជិត១០ម៉ឺនដុល្លារ៕










