
បន្ទាយមានជ័យៈ ពលរដ្ឋខ្មែរចំនួន២៧៤នាក់ ស្រី១១១នាក់ ក្មេង៩៤នាក់ ត្រូវទាហានប៉ារ៉ាថៃឃាត់ខ្លួន រួមជាមួយនិងគោយន្ត៤៩គ្រឿង ខណៈពលរដ្ឋខ្មែរទាំងនោះ បានធ្វើដំណើរតាមគោយន្តដឹកបន្លែ និងកសិផល ឆ្លងដែនចូលទៅលក់ក្នុងផ្សារណាត់ទឹកដីថៃ ហើយដឹកជីហាមឃាត់ខុសច្បាប់ រំលោភកម្មសិទ្ធិបញ្ញា ចូលមកទឹកដីខ្មែរវិញ នៅចំណុចភូមិសាមសូន្យ ឃុំតាប់ថៃ ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ឈមនិងភូមិគោកត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមលិខិតរបស់អភិបាលស្រុកថ្មពួកផ្ញើជូនអភិបាលខេត្តបន្ទាយមានចេញថ្ងៃទី១៣ កុម្ភៈ ដែលអង្គភាពសារព័ត៌មាន CAM POST ទទួលបានៅថ្ងៃទី១៤ កុម្ភៈនេះថា ការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរទាំងនោះ ដោយសារពួកគាត់ដឹកជីហាមឃាត់ខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញាសម្រាប់នាំមកចូលដីខ្មែរធ្វើអាជីវកម្ម។ ក្នុងមួយគោយន្ត១០ការ៉ុងឡើងទៅ ត្រូវបានទាហានប៉ារ៉ាថៃឃាត់ទុក។ ការចាប់នោះដោយសារក្រុមហ៊ុនថៃបានប្តឹង មានអាជីវករថៃលក់ជីរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ទៅឱ្យពលករដ្ឋខ្មែរ នាំចូលស្រុកខ្មែរ ប៉ះពាល់ក្រុមហ៊ុនរកស៊ីស្របច្បាប់នៅប្រទេសកម្ពុជា ដែលនាំផ្តាច់មុខជី ដូចជាសញ្ញាក្បាលគោ ជាដើមនោះ។
បញ្ជាក់ថា ពលរដ្ឋខ្មែរដែលដឹកជីក្នុងមួយគោយន្ត១០ការ៉ុងឡើងទៅ ត្រូវបានទាហានប៉ារ៉ាថៃឃាត់ទុក ចំណែកអ្នកដឹកចំនួនពី២ទៅ៣ការ៉ុង មិនត្រូវបានទាហានថៃចាប់ឃាត់ខ្លួននោះទេ ។ ក្រោយដោះលែងពលរដ្ឋខ្មែរ ទាហានប៉ារ៉ាថៃ បានដកហូតជីក្នុងមួយគោយន្តចំនួន ៣ទៅ៤ការ៉ុង។
បន្ទាប់ពីឃាត់ខ្លួនពលរដ្ឋខ្មែរអស់រយៈពេលជាច្រើនម៉ោង នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃដដែល ទាហានថៃបានដោះលែងឱ្យត្រឡប់មកវិញ តាមច្រកតំបន់បឹងត្រកួន ក្រោយកម្លាំងភាគីកម្ពុជា បានចូលទៅសម្របសម្រួលជាមួយអាជ្ញាធរភាគីថៃ។
ដោយឡែកនៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ទាហានប៉ារ៉ាថៃក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៥នាក់ ស្រី៦នាក់ នៅចំណុចផ្លូវបំបែក ភូមិខងផែង ឃុំជាប់ថៃ ស្រុកប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ពីបទលួចឆ្លងដែនខុសច្បាប់តាមច្រករបៀង។
ការឃាត់ពលរដ្ឋទាំង១៥នាក់ខាងលើនេះ អាជ្ញាធរខ្មែរបានទំនាក់ទំនង់ទៅខាងអាជ្ញាធរថៃ ដើម្បីសម្របសម្រួលដោះលែងពលរដ្ឋទាំងនោះឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែអាជ្ញាធរថៃ មិនយល់ព្រម ដោយបានប្រាប់ថា ពលរដ្ឋទាំងនោះ នឹងបញ្ចូនទៅខេត្តស្រះកែវ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


