Sponsor
រិទ្ធី

លោក ជុំ សុ​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុ​ជា បាន​និយាយថា ក្រសួង​បាន​ទាក់ទង​ទៅ​ទូត​អូស្ត្រាលី​ប្រចាំនៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​រឿង​ដុត​រូប​ទីងមោង​សម្ដេច ហ៊ុន សែន តាមផ្លូវ​ការទូត​ហើយ មុននឹង​មាន​វិធានការ​បន្តទៀត​។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់​ដូច្នេះ​ថា​៖ ​បញ្ហា​នេះ​ក្រសួងការបរទេស​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សភាពការណ៍​នៅ​អូស្ត្រាលី​ ខ្ញុំ​មិនទាន់មាន​អ្វី​ច្រើនដែល​អាច​ជម្រាប​បានទេ នូវ​អ្វីដែល​ក្រសួង​កំពុងតែ​ធ្វើតាម​ច្រក​ការទូត ពីព្រោះ​អ្វីដែល​យើង​កំពុងធ្វើការ​ងារ​តាម​ការទូត គឺ​យើងមិន​អាច​យកទៅ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​បានទេ​​តែ​យើង​កំពុង​តាមដាន និង​សម្របសម្រួល​តាម​ច្រក​ការទូត​​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានថ្កោលទោស​ចំពោះ​សកម្មភាព​ប្រមាថ​រដ្ឋាភិបាល តាមរយៈ​ដុត​រូប​ទីងមោង​នេះ លោកចាត់ទុក​ទង្វើ​បែបនេះ​ថាជា​រឿង​គ្មាន​ក្រមសីលធម៌ ដែល​ពលរដ្ឋ​ខ្មែរ​ទាំងនោះ កំពុង​មើលងាយ​ដល់​ជាតិ​សាសន៍​ខ្លួន​។

អ្នកនាំពាក្យរូបនេះ ដាក់​ការសង្ស័យថាទង្វើ​ពលរដ្ឋ​ខ្មែរ​ទាំងនេះ កើតចេញពី​ការ​ញុះញង់​របស់លោក ហុង លីម ដែល​តែងតែ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​កន្ល​ង​មក​។ លោកក៏ព្រមានដល់​លោក ហុង លីម កុំ​ឲ្យ​ឈាន​ជើង​ជាន់​ទឹកដី​ខ្មែរឱ្យសោះ ។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សហព័ន្ធ​​សាជីវកម្មខ្មែរ​-​អូស្ត្រាលី បានរៀបចំ​ពិធី​ស្វាគមន៍​ភរិយា និង​កូនៗ​ទាំង​៥ របស់សពលោកបណ្ឌិត កែម ឡី ដែល​ដឹកនាំ​ដោយ​អភិបាលក្រុង លោក ជា យូ​ហន ប្រធាន​សមាគម​ខ្មែ​រវ៉ិក​តូ​រី​យ៉ា តំណាងរាស្ត្រ​គណបក្សប្រឆាំង​ ក្រៅពី​ពិធី​ស្វាគមន៍​នេះ ក៏មាន​រៀបចំ​ដុត​រូប​ទីងមោង​សម្តេច ហ៊ុន សែន ផងដែរ ។

សម្តេច ហ៊ុន សែន ធ្លាប់បានព្រមានដល់បាតុករ បើដុតរូបទីមោងសម្តេច នោះសម្តេចនឹងទៅ​វ៉ៃដល់ផ្ទះ។ សម្តេច ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅចុងខែមីនា ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor