Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ស្ត្រីខ្មែរម្នាក់ វ័យជាង៤០ឆ្នាំ និងជាពលករបម្រើការងារនៅទីក្រុងបាងកក ប្រទេសថៃ បានស្លាប់យ៉ាងអាណោចអាធ័ម និងប្រកបដោយភាពសោកសង្រែងជាទីបំផុត ខណៈដែលស្ត្រីរូបនេះ បានឡើងទៅលើអគារជាន់ទី៤ ដែលគេកំពុងកសាង ដើម្បីធ្វើការសំអាត ហើយក៏បានភ្លាត់ជើងធ្លាក់មកដីតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតំបន់ រ៉ាមខាំហែង  ដែលជាកន្លែងកំពុងសាងសង់អគារកម្ពស់៧ជាន់ ត្រង់ចំណុចផ្លូវប្រសព្វលេខ ២៤ និង ២៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ ធ្វើឲ្យ​មានការភ្ញាក់ផ្អើល ដោយមានសំឡេងស្រែកទ្រហោយំឡើងកងរំពងថែមទៀតផង ពីសំណាក់កូនៗរបស់ស្ត្រីរងគ្រោះ។

យោងតាមរបាយការណ៍ពីភាគីថៃថា មុនពេលកើតហេតុ គឺមានស្ត្រីម្នាក់ជាពលករខ្មែរឈ្មោះ ឆោន ប៉ោច អាយុ៤២ឆ្នាំ រស់នៅភូមិខ្ចឹងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឡើងទៅលើអគារជាន់ទី៤ ដើម្បីធ្វើការសម្អាត ដោយសារតែអគារនេះកំពុងសាងសង់។

ភ្លាមៗនោះដែរទំនងជាស្ត្រីរូបនេះ មានការរអិលភ្លាត់ជើងទើបធ្វើឲ្យ​រាងកាយរបស់គាត់ធ្លាក់មកដីតែម្តងហើយបានប៉ះទង្គិចជាមួយនឹងគ្រោងដែកដែលនៅខាងក្រោមបន្ថែមទៀត បណ្តាលឲ្យ​បែកក្បាល ឈាមហូរជោកប្រាណ  ទើបមានការភ្ញាក់ផ្អើល ដោយពលករដែលនៅទីនោះបាននាំគ្នាសែងយកមកដាក់នៅលើគ្រែ ដើម្បីឲ្យ​មន្ត្រីជំនាញ ចុះទៅពិនិត្យក្រោមសម្រែកទ្រហោយំយ៉ាងសោកសង្រែងពីសំណាក់កូនៗ។

នៅក្នុងឱកាសនោះដែរគេសង្គេតឃើញថា មន្ត្រីនៅក្នុងស្ថានទូតកម្ពុជា ដែលប្រចាំនៅក្នុងប្រទេសថៃ បានអញ្ជើញចុះទៅចូលជាថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងបានរៀបចំជួយសម្រួលដើម្បីឲ្យ​កូនៗបាននាំសពយកទៅកាន់ស្រុកកំណើតវិញ  និងដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកខ្មែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor