
កំពង់ស្ពឺៈ រថយន្តឆ្លាមមួយគ្រឿង ត្រូវបានជនសង្ស័យលួយទៅបាត់ ដោយសុវត្ថិភាព ខណៈដែលម្ចាស់ចតទុក ហើយចូលទៅហូបការក្នុងបុរី សុវណ្ណ ស្ថិតក្នុងភូមិរលាំង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្ត ដែលជនសង្ស័យលួចទៅម៉ាកកាមរីឆ្លាម ពណ៌ស ស្លាកលេខភ្នុំពេញ 2-AK4832 មានម្ចាស់រថយន្តឈ្មោះ ប៊ុន រ៉ាវី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅផ្សារក្រាំងចេក ឃុំក្រាំចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ស្រ្តីជាម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង៧និង១៥នាទីល្ងាច គាត់បានជិះរថយន្តរបស់ខ្លួនមកស៊ីការនៅបុរីសុវណ្ណ ហើយបានយករថយន្តទៅចតនៅចិញ្ចើមផ្លូវខាងជើង រួចចូលទៅហូបការរហូតដល់ម៉ោង៨និង៤៥នាទីយប់ថ្ងៃដដែល គាត់បានចេញមកវិញ ស្រាប់តែរករថយន្តមិនឃើញ ទើបដឹងថា បាត់រថយន្ត។
បច្ចុប្បន្នកម្លាំងកំពុងតាមស្រាវជ្រាវរកមុខសញ្ញាដែលលួចរថយន្តនោះ យកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕
