Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យធ្លាយក្អួត និងរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖២០នាទី រំលងអធ្រាត្រចូលថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខបុរី៩៩៩ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ភ្នាក់ងារ Cam Post ថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1V-5882 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីត្បូងទៅជើង​ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងមុខបុរី៩៩៩ ដោយជិះមិនគោរពភ្លើងស្តុបក្រហម ហើយទំនងកាច់ចង្កូតមិនផុត ក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលខ្ទប់នឹងទ្រូងផ្លូវ បែកក្បាលហូរឈាម ធ្លាយក្អួត និងរងរបួសធ្ងន់ធ្ងរ។ ចំណែកម៉ូតូខ្ទាតចម្ងាយជាង៤០ម៉ែត្រឯណោះ។

ភ្លាមៗនោះ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម កំពុងជិះល្បាតតាមផ្លូវមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងរថយន្តគិលានសង្គ្រោះមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។ ប៉ុន្តែអកុសល្យដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ពេលកំពុងសង្គ្រោះ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកមកទីតាំងកើតហេតុវិញ​ ដើម្បីសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចដឹកយកទៅតម្កល់ទុកនៅវត្តដឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំបងប្អូនយកឯកសារមកទទួលម៉ូតូវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor