
ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីរូបគេផឹកស្រាស្រវឹងឆ្កឹះសោចូលទៅដេកក្នុងបន្ទប់ជាមួយកម្មការិនីរោងចក្រ ស្ថិតបន្ទប់ជួលក្រុម២ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហួន ហ៊ន ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅ ខាងក្រោយផ្សារ កាណាសុធី ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបារ៉ូង ឃុំ បារ៉ូង ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែកនារីរងគ្រោះ ឈ្មោះ សោ ណាម អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ EVC ស្នាក់នៅ ខាងផ្សារកាណាស៊ីធី មានស្រុក កំណើត ខេត្តកំពង់ចាម ។
បើតាមឈ្មោះ ហឿន ស្រីលាង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជាប់គ្នា បានឲ្យដឹងថា ខណៈដែលម្ចាស់បន្ទប់ស្នាក់នៅខាងលើ២នាក់ បានចាកចេញទៅធ្វើការបាត់ គាត់នៅក្រោយគេ ដើរចេញមកឃើញបន្ទប់ជនរងគ្រោះមិនមានចាក់សោ រុញទ្វារអើតមើល ស្រាប់តែឃើញជនសង្ស័យកំពុងដេកលក់ ធ្វើតែមិនដឹង សួរអ្នកនៅក្បែរខាង មិនមានអ្នកស្គាល់ សង្ស័យប៉ុនប៉ងចូលលួច តែងងុយដេកពេកលង់លក់ជ្រុល ឃើញសភាពមិនស្រួល ខ្ទប់ទ្វារខ្ទាស់សោពីក្រៅប្តឹងប៉ូលីសចាប់ខ្លួនតែម្តង ។

នារីរងគ្រោះ (ម្ចាស់បន្ទប់) បានឲ្យដឹងថា មុនពេលកើតហេតុគាត់ចាក់សោបន្ទប់ត្រឹមត្រូវហើយទៅធ្វើការបាត់ លុះនៅវេលាម៉ោងខាងលើ មិត្តភក្តិទូរស័ព្ទប្រាប់មានជនសង្ស័យលបលួចចូលបន្ទប់ ទើបវិលមកវិញ នាំគ្នាប្តឹងប៉ូលិសចាប់ខ្លួនតែម្តង។
ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានផឹកស្រាបៀគ្នា២នាក់ អស់៦កំប៉ុង ៣កំប៉ុងម្នាក់ កាលពីយប់ លុះដល់ព្រឹកឡើងងងុយដេកពេក ថាចូលទៅដេកបន្ទប់មិត្តភក្តិ បែរជាខុសបន្ទប់ទៅវិញ ។ ប៉ុន្តែចម្លើយដោះសារនេះ ខណៈនៅម្តុំបន្ទប់ជួលខាងលើ ពុំមានអ្នកស្គាល់ឡើយ ហើយជនរងគ្រោះប្តឹងចោទប្រកាន់ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី៕
