
ភ្នំពេញៈ មង្គលការនាយ ចយ និងប្រពន្ធវ័យក្មេងកាលពីយប់មិញនេះ បានធ្វើឲ្យតារាកំប្លែងរូបនេះ និងក្រុមគ្រួសារអររំភើប ដោយមិននឹកស្មានថា ភ្ញៀវកិត្តិយសចូលរួមជាអធិបតីច្រើនរហូតដល់កូនថ្នាក់នាយករដ្ឋមន្ត្រី ក៏បានចូលរួមផ្តល់សា្នមញញឹមដល់ប្តីប្រពន្ធវ័យក្មេងមួយគូនេះដែរ។
ពិតជាការគិតទុកបើគ្មានការប្រែប្រួលវត្តមានលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី នឹងផ្តល់កិត្តិយសចូលរួមជូនពរដល់តារាកំប្លែងលោក ភិច សែ ហៅនាយចយ ហើយស្រាប់តែឈានដល់ពិធីកាត់នំវត្តមានកូនថ្នាក់ដឹកនាំលំដាប់ប្រទេស បានបង្ហាញក្នុងពិធីធ្វើឲ្យកូនកំលោះនាយ ចយ អររំភើប ហើយឡើងថ្លែងអំណរគុណទាំងបង្ហូរទឹកភ្នែកមិននឹកស្មានដល់។
នាយ ចយ ដែលតែងតែក្អាក់ក្អាយផ្តល់សំណើចដល់ទស្សនិកជនបាននិយាយទាំងហូរទឹកភ្នែកលើវេទិកាថា លោកសូមអរគុណដល់បងប្រុសទាំង២ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ឆ្លៀតចំណាយពេលវេលាផ្តល់កិត្តិយសថ្ងៃមង្គលការរបស់ខ្លួន នាយចយ រកពាក្យនិយាយមិនចេញ ព្រោះរំភើបណាស់។

បន្ថែមពីនេះ នាយចយ ក៏ជូនពរដល់សម្តេចតេជោ ដែលខិតខំកសាងប្រទេសជាតិមិនគិតពីការនឿយហត់ ដើម្បីសេចក្តីសុខប្រជាជន សូមបារមីស័ក្តិសិទ្ធិក្នុងលោក ជួនបីបាច់ថែរក្សាក្រុមគ្រួសារសម្តេចឲ្យជួបប្រទះសេចក្តីសុខ ហើយបន្តគ្រប់គ្រងប្រទេសជាតិតទៅទៀត។
នាយចយ ក៏យំសំពះអរគុណនាយក្រឹម ដែលបានយកលោកមកសម្តែងតាំងពីនៅតូចរហូតដល់វ័យ២៥ឆ្នាំ មានតែនាយក្រឹមនេះហើយ ជាអ្នកមានគុណជួយដល់រូបលោក ឲ្យមានថ្ងៃនេះបន្ទាប់ពីឪពុកម្តាយបង្កើត ការដឹងនេះធ្វើឲ្យនាយក្រឹមសប្បាយចិត្តចំពោះកូនចៅបានឆ្លងដល់ត្រើយសុភមង្គល៕








