ភ្នំពេញៈ លោក ប៊ុន សត្យា ហៅទិវាសូន្យមួយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យប្ដឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់ជនសង្ស័យហើយយកម៉ូតូស៊ីដាច់តែម្ដង។
ដើមបណ្ដឹងដែលប្ដឹងប្រធានការិយាល័នគរបាលព្រហ្មទណ្ឌនេះឈ្មោះ ឆាយ ម៉ីជូ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣អា ផ្លូវលេខ៥១៦ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមឯកសារពាក្យបណ្ដឹង បានបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧ ឈ្មោះ លី សុវណ្ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ២០១៦ និងបានដកហូតម៉ូតូមួយគ្រឿងម៉ាក X-RAY ពណ៌ស សេរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1GO-2191 ដែលឈ្មោះ លី សុវណ្ណា បានខ្ចីពីឈ្មោះ ឆាយ ម៉ីជូ ជិះដើរលេង ដោយសារម៉ូតូនេះជាកម្មសិទ្ធរបស់ឈ្មោះ ឆាយ ម៉ីជូ មានឯកសារបញ្ជាក់ត្រឹមត្រូវ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ លី សុវណ្ណា និងដកហូតម៉ូតូនោះឈ្មោះ ឆាយ ម៉ីជូ បានទាក់ទងសុំជួបលោក ប៊ុន សត្យា ហៅទិវា០១ នៅការិយាល័យនគរបាលពបរហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ ស្រាប់តែឃើញម៉ូតូរបស់ខ្លួន ត្រូវបានគេប្ដូរស្លាកលេខ ពីលេខភ្នំពេញ 1GO 2191 ទៅជាស្លាកលេខនគរបាល៧១៨១ទៅវិញ ហើយគាត់ថែមទាំងព្យាយាមមិនចង់ជួបម្ចាស់ម៉ូតូ ដែលទៅសុំយកម៉ូតូវិញទៀតផង។ ពេលនោះម្ចាស់ម៉ូតូបានមកសាកសួរដល់តុលាការ ក៏ត្រូវបានមន្ត្រីតុលាការប្រាប់ថា ម៉ូតូនោះមិនត្រូវបានឈ្មោះ ប៊ុន សត្យា បញ្ជូនមកតុលាការទេ។
ពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូបានសុំឲ្យតុលាការផ្ដន្ទាទោសឈ្មោះ ប៊ុន សត្យា តាមច្បាប់និងបានស្នើសុំយកម៉ួតូរបស់ខ្លួនទៅប្រើប្រាស់វិញ និងទាមទារជំងឺចិត្ត២០លានរៀលទៀតផង ។
លោក ប៊ុន សត្យា នៅថ្ងៃទី១កុម្ភៈ ឆ្នាំ២០១៨នេះ មិនអាចទាក់ទងសុំការបំភ្លឹបានទេ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងខាងលើនេះ៕



